រដ្ឋមន្ដ្រីអប់រំ៖ កម្មវិធីសិក្សាបែបជប៉ុននៅកម្ពុជា មានលក្ខណៈពេញលេញទាំងស្រុង ខណៈភាសាជាតិនៅតែត្រូវបានលើកកម្ពស់


ការអនុវត្តប្រព័ន្ធអប់រំ និងកម្មវិធីសិក្សាបែបជប៉ុននៅកម្ពុជា មានលក្ខណៈពេញលេញទាំងស្រុង បើធៀបរយៈពេល ១០ឆ្នាំមុន ដោយមិនត្រឹមតែផ្ដល់ការអប់រំកម្រិតខ្ពស់ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមលើកកម្ពស់ភាសាខ្មែរឲ្យកាន់តែរឹងមាំទៀតផង។

នេះបើតាមប្រសាសន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្រោយដឹកនាំប្រតិភូធ្វើដំណើរទស្សនកិច្ចនៅសាលា ជេផេន អ៉ីនធ័រណាសិនណល់ ស៊ីសេហ្វ លីឌ័រ អាខាដេមី (JICLA) នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីការធ្វើអន្ដរជាតូបនីយកម្មវិវឌ្ឍទៅជាសាលាអន្ដរជាតិ កាលពីចុងឆ្នាំ២០២៥ កន្លងទៅ។

ក្នុងដំណើរទស្សនកិច្ចខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីបានគូសរំលេច សាលាជប៉ុននៅភ្នំពេញបច្ចុប្បន្នមានចំនួន ៣ តែ JICLA គឺជាគ្រឹះស្ថានអប់រំតែមួយគត់ ដែលអនុវត្តកម្មសិក្សា ៣ភាសា(ខ្មែរ ជប៉ុន និងអង់គ្លេស)។ អ្វីដែលឯកឧត្តមចាប់អារម្មណ៍ គឺការប្រើប្រាស់ភាសាខ្មែរយ៉ាងច្បាស់ បន្ថែមលើភាសាបរទេសដែលពួកគេបានរៀន ជាមួយគ្រូបង្រៀនជាភាសាខ្មែរ ដែលអាចឲ្យសិស្សានុសិស្សពង្រឹងសមត្ថភាពខ្លួនឯងជាមួយភាសាជាតិ ហើយបង្កើនប្រសិទ្ធភាពសិក្សា តាមប្រព័ន្ធអប់រំ STEAM, កម្មវិធី SURALA និងការសិក្សាពីជប៉ុបបែបរិះរកជាដើម ដែលសាលាកំពុងអនុវត្ត។

ជាមួយការអនុវត្តនូវកម្មវិធីអប់រំ ក្រោមការច្របាច់បញ្ចូលគ្នារវាងចំណុចខ្លាំងនៃប្រព័ន្ធអប់រំជប៉ុន និងកម្ពុជានេះ ឯកឧត្តមរដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពរបស់ JICLA ទោះបីហេដ្ឋារចនាសម្ព័ន្ធរឹងមិនទាន់ត្រូវបានពង្រីកក្ដី តែលោកមើលឃើញការអនុវត្តកម្មវិធីសិក្សា មានវិវឌ្ឍគួរឲ្យកោតសរសើរ ពិសេសវិធីសាស្ដ្របង្រៀនបែបទំនើប សកម្ម និងអន្ដរកម្ម រវាងគ្រូ និងសិស្សតែម្ដង។ លោកសង្កត់ធ្ងន់ថា «ខ្ញុំឃើញថា បច្ចុប្បន្ននេះ ការអនុវត្តកម្មសិក្សាតាមបែបជប៉ុននេះ គឺមានលក្ខណៈពេញលេញទាំងស្រុង បើប្រៀបធៀបការចាប់ផ្ដើមពី ១០ឆ្នាំមុន»។

ទន្ទឹមជាមួយគ្នាដែរ តបតាមសំណើររបស់ថ្នាក់ដឹកនាំសាលា ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ក៏បានអនុញ្ញាតជាគោលការណ៍ ៣ចំណុច រួមមាន៖ ១-ការបញ្ជូនគ្រូឧទ្ទេសបង្រៀន ៣រូប ដើម្បីអាចធ្វើការផ្លាស់ប្ដូរ និងដកបទពិសោធន៍ក្នុងការបង្រៀននៅ JICLA, ២-ការអនុញ្ញាតឲ្យសាលា JICLA ចេញសញ្ញាបត្រដោយខ្លួនឯង និងឱកាសសម្រាប់សិស្សចូលរៀននៅសាលារៀនជំនាន់ថ្មី និង ៣-ការទទួលស្គាល់សមមូលសញ្ញាបត្រ ទាំងកម្រិតសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ក៏ដូចជាសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយក្រសួងអប់រំ យុវជន និងកីឡា។

សម្រាប់ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងអប់រំខាងលើ គឺដើម្បីពិនិត្យវឌ្ឍនភាពការគ្រប់គ្រងសាលា និងការកែទម្រង់ការអប់រំ បន្ទាប់ពី JICLA បានក្លាយជាសាលាអន្ដរជាតិ ជាមួយការទស្សនាការបង្រៀនជាក់ស្ដែង នូវការអប់រំ STEAM, ការសិក្សាលក្ខណៈសមស្របរបស់បុគ្គលម្នាក់ៗដោយប្រើប្រាស់កម្មវិធី SURALA និងការសិក្សាពីជប៉ុបបែបរិះរក ដែលទាំងអស់នេះ អនុញ្ញាតឲ្យសិស្សអាចសិក្សាប្រកបដោយភាពម្ចាស់ការលើការសិក្សារបស់ខ្លួនឯង ចេះសហការគ្នាក្នុងការរៀន មានទំនួលខុសត្រូវ និងអាចវិវឌ្ឍន៍ខ្លួនជាបន្ដបន្ទាប់ ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្ដានុពលក្នុងការប្រកួតប្រជែង និងចូលរួមអភិវឌ្ឍន៍សង្គមជាតិនាថ្ងៃអនាគត៕