សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញថ្វាយ-ប្រគេន សៀវភៅ «ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ១១១ឆ្នាំ» ចំនួន ២៥០០ក្បាល និងទេយ្យទានជូនគណៈសង្ឃមហានិកាយនៅវត្តបទុមវត្តីរាជវរារាម


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បា​នអញ្ជើញថ្វាយ-ប្រគេន សៀវភៅ «ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ១១១ ឆ្នាំ» ចំនួន ២៥០០ក្បាល​ ចំណាយថវិកាអស់ ២០,០០០ដុល្លា​រ ព្រមទាំងត្រៃចីវរ ទៀន វស្សា ទេយ្យវត្ថុ ជាសទ្ធាទានដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលផ្ដល់ជូនតាមរយៈអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងអ្នកឧកញ៉ា ទៀង ផល្លា ព្រមទាំងបុត្រាបុត្រី ជូនគណៈសង្ឃមហានិកាយ ក្រោមព្រះរាជាអធិបតីភាព សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅឧបដ្ឋានសាលា វត្តបទុមវត្តីរាជវរារាម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពិធីធម្មទាននេះមានការយាង និមន្ត និងអញ្ជើញចូលរួមពីសម្តេចព្រះសង្ឃនាយករង សម្តេចសង្ឃ ព្រះសង្ឃនាយកនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ព្រះសង្ឃ, ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងអ្នកឧកញ៉ា ទៀង ផល្លា ព្រមទាំងពុទ្ធបរិស័ទជាច្រើនរូបផ្សេងទៀត។

ក្នុងពិធីធម្មទាននេះ សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង​ ​ទ្រង់ព្រះរាជទានសៀវភៅជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងព្រះរាជទានប័ណ្ណថ្លែង អំណេរគុណជូនចំពោះ អ្នកឧកញ៉ា ម៉ម វណ្ណឌី និងអ្នកឧកញ៉ា ទៀង ផល្លា ដែលបានឧបត្ថម្ភនូវធម្មទាន ដើម្បីចែកផ្សាយដល់គ្រឹស្ថានពុទ្ធិកសិក្សាទូទាំងប្រទេស និងតម្កល់ទុកតាមបណ្ណាល័យ នានាទុកជាប្រយោជន៍សាធារណជនសិក្សាស្រាវជ្រាវ និងទុកជាឯកសារគោលសម្រាប់ ចងក្រង ប្រវត្តិពុទ្ធិកសិក្សានៅប្រទេសកម្ពុជា នាពេលអនាគត។

ក្នុង​ឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, លោក ចាយ បូរិន, អ្នកឧកញ៉ា ម៉ម វណ្ណឌី និងអ្នកឧកញ៉ា ទៀង ផល្លា ក៏បានអញ្ជើញប្រគេន/ជូន «សៀវភៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ១១១ឆ្នាំ» និងបច្ច័យដល់ព្រះសង្ឃ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សរុប១៩៨ អង្គ/នាក់ដែល​បានមកចូលរួមក្នុងពិធី។

ចំពោះទេយ្យទានសម្រាប់ថ្វាយ ​និងប្រគេន សម្ដេចព្រះសង្ឃរាជ​ និង​ព្រះសង្ឃ ក្នុងពិធីធម្មទាននេះ ដោយក្នុងមួយអង្គៗរួមមាន៖ ទៀនវស្សា ១គូ, ត្រៃចីវរ ១ត្រៃ, ទឹកសុទ្ធចំនួន ១០កេស, ទឹកក្រូចចំនួន ១០កេស, អង្ករ ២៥គីឡូក្រាម ចំនួន ១០បេ, មី ចំនួន ១០កេស, ទឹកត្រី ចំនួន ១០យួរ, ទឹកស៊ីអ៊ីវ ចំនួន ១០យួរ ព្រមទាំងទេយ្យវត្ថុបន្ថែមសម្រាប់ព្រះរាជាគណៈអមចំនួន ៨ព្រះអង្គ ក្នុងមួយព្រះអង្គទទួលបានសំពត់ចីវរ ចំនួន ១លៀង។

បន្ថែមលើបច្ច័យបោះពុម្ពសៀវភៅចំនួន ២៥០០ក្បាល បច្ច័យ និងអំណោយទាំងអស់ក្នុងពិធី ធម្មទាននេះ អ្នកឧកញ៉ា ម៉ម វណ្ណឌី និងអ្នកឧកញ៉ា ទៀង ផល្លា ក៏បានចូលបច្ច័យចំនួន ១០,០០០ដុល្លារបន្ថែម សម្រាប់វត្ត និងគណៈគ្រប់គ្រងវត្តបទុមវតី ជាវកៅអីសម្រាប់ទុកប្រើប្រាស់ក្នុងកិច្ចពិធីសាសនាផ្សេងៗនៅក្នុងវត្ត។

គួររំលឹកផងដែរថា ការចងក្រងសៀវភៅនេះឡើង គឺក្នុងគោលបំណង៖
* លើកយកមកបង្ហាញអំពីប្រវត្តិសាវតារនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ជាគ្រឹះស្ថានមធ្យមសិក្សានៃពុទ្ធសាសនា ដំបូងគេនៅប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩១៤ និងបន្តនិរន្តរភាពរហូតដល់បច្ចុប្បន្ន ដោយក្នុងស្នាដៃនេះបានរំលេចយ៉ាងច្បាស់អំពីដំណើរវិវត្តនៃគ្រឹះស្ថានគ្រប់សម័យកាល។
* ដើម្បីទុកជាឯកសារគោលសម្រាប់ចងក្រងប្រវត្តិពុទ្ធិកសិក្សានៅកម្ពុជានាពេលអនាគត ព្រោះពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ជាកំណើតដំបូង និងជាមជ្ឈមណ្ឌលកណ្តាលនៃពុទ្ធិកមធ្យមសិក្សានៅប្រទេសកម្ពុជា ។
* ប្រមូលផ្តុំដោយកម្រងឯកសារ ព្រះឆាយាលក្ខណ៍ និងរូបភាពសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ ថ្នាក់ដឹកនាំអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំប្រទេស គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតគ្រប់សម័យកាល ជាពិសេសបានរួមបញ្ចូលព្រឹត្តិការណ៍នៃពិធីបុណ្យរំលឹកខួប ១១១ឆ្នាំ នៃគ្រឹះស្ថានពុទ្ធិកសិក្សានេះ ក្នុងស្នាដៃនេះផងដែរ៕