ក្រុមហ៊ុន New Dazheng របស់ចិន គ្រោងបង្កើតមជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​វិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិន ​ឱ្យមក​វិនិ​យោគនៅកម្ពុជា


ក្រុមហ៊ុន New Dazheng Property Group Co., Ltd. (New Dazheng) គ្រោងបង្កើតមជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​វិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិន ​ឱ្យមក​វិនិ​យោគនៅកម្ពុជា។

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅ​ចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាត​ឱ្យលោក Li Maoshun ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន New Dazh​e​ng Property Group Co., Ltd. (New Dazheng) ចូលជួប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ លោកប្រធានក្រុមប្រឹក្សាភិបាល បានជម្រាបសម្ដេចមហា​បវរ​ធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដែលមានជំនាញលើការកែ​លម្អ​លំហ​សាធារណៈទីក្រុង អគារ និងទីក្រុងឆ្លាតវៃ (Smart City) និងមានកិច្ចសហ​ប្រតិ​បត្តិការជាមួយសាកលវិទ្យាល័យជាង១០០ នៅក្នុងប្រទេសចិន។ លោក​ប្រធានក្រុមហ៊ុន បានបន្ថែមថា កន្លងមកក្រុមហ៊ុន បានសិក្សា​ស្វែងយល់​ពី​ឱកាសវិនិយោគនៅកម្ពុជា និងបានសហការជាមួយដៃគូក្នុងស្រុក ដើម្បីចាប់​យកកាលានុវត្តភាពទាំងនោះ។

ក្រុមហ៊ុនបានចាប់ដៃគូក្នុងប្រទេសកម្ពុជាដើម្បីរៀបចំគម្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ក្នុងគោលបំណងសម្របសម្រួល និងកៀរ​គរ​​វិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជាថែមទៀត។ ទន្ទឹមនឹងនេះ លោក​ប្រធាន​​ក្រុមប្រឹក្សាភិបាល បានបង្ហាញចំណាប់អារម្មណ៍ស្វែងរកកិច្ចសហ​ប្រតិ​បត្តិការជាមួយបណ្ដាសាកលវិទ្យាល័យនានានៅកម្ពុជា ដើម្បីបង្កើតឱកាសឱ្យ​និស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសចិន ផងដែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការស្វាគមន៍យ៉ាង​កក់ក្ដៅ​ចំពោះគោលបំណង និងកិច្ចសហការរបស់ក្រុមហ៊ុន​ជាមួយដៃគូ​ក្នុង​ប្រទេស​កម្ពុជា ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ សម្ដេចមហាបវរ​ធិបតី​បានស្វាគមន៍ចំពោះគម្រោងបង្កើតមជ្ឈមណ្ឌល​ប្រតិបត្តិការ​វិនិយោគ​នៅ​កម្ពុជា ដើម្បីផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់វិនិយោគិនចិនអំពីសក្ដានុពល និងឱកាសវិនិយោគនានានៅកម្ពុជា។

ពាក់ព័ន្ធនឹងកិច្ចសហ​ប្រតិបត្តិការលើ​វិស័យអប់រំ សម្ដេចមហាបវរធិបតី បាន​គូស​បញ្ជាក់ថា វិស័យអប់រំ ជាទិសដៅអាទិភាពមួយដែលរាជរដ្ឋាភិបាល​យក​ចិត្តទុកដាក់បំផុត។ ជាក់ស្តែង កន្លងមកមាននិស្សិតកម្ពុជាជាច្រើនរូប ទទួល​បានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ហើយនិស្សិតដែលបានបញ្ចប់​ការ​សិក្សាដោយជោគជ័យបានវិលត្រឡប់មកចូលរួមបម្រើការងារ និងរួម​ចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិ។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធជាមួយដៃគូក្នុងស្រុក ព្រមទាំងរក្សាទំនាក់ទំនង និងពិភាក្សាការ​ងារជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការវិនិយោគជាក់ស្ដែង​នៅ​កម្ពុជា៕