ក្រុមហ៊ុន New Dazheng Property Group Co., Ltd. (New Dazheng) គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិន ឱ្យមកវិនិយោគនៅកម្ពុជា។
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Li Maoshun ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន New Dazheng Property Group Co., Ltd. (New Dazheng) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ លោកប្រធានក្រុមប្រឹក្សាភិបាល បានជម្រាបសម្ដេចមហាបវរធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដែលមានជំនាញលើការកែលម្អលំហសាធារណៈទីក្រុង អគារ និងទីក្រុងឆ្លាតវៃ (Smart City) និងមានកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យជាង១០០ នៅក្នុងប្រទេសចិន។ លោកប្រធានក្រុមហ៊ុន បានបន្ថែមថា កន្លងមកក្រុមហ៊ុន បានសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា និងបានសហការជាមួយដៃគូក្នុងស្រុក ដើម្បីចាប់យកកាលានុវត្តភាពទាំងនោះ។
ក្រុមហ៊ុនបានចាប់ដៃគូក្នុងប្រទេសកម្ពុជាដើម្បីរៀបចំគម្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ក្នុងគោលបំណងសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជាថែមទៀត។ ទន្ទឹមនឹងនេះ លោកប្រធានក្រុមប្រឹក្សាភិបាល បានបង្ហាញចំណាប់អារម្មណ៍ស្វែងរកកិច្ចសហប្រតិបត្តិការជាមួយបណ្ដាសាកលវិទ្យាល័យនានានៅកម្ពុជា ដើម្បីបង្កើតឱកាសឱ្យនិស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសចិន ផងដែរ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគោលបំណង និងកិច្ចសហការរបស់ក្រុមហ៊ុនជាមួយដៃគូក្នុងប្រទេសកម្ពុជា ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ សម្ដេចមហាបវរធិបតីបានស្វាគមន៍ចំពោះគម្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់វិនិយោគិនចិនអំពីសក្ដានុពល និងឱកាសវិនិយោគនានានៅកម្ពុជា។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ថា វិស័យអប់រំ ជាទិសដៅអាទិភាពមួយដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់បំផុត។ ជាក់ស្តែង កន្លងមកមាននិស្សិតកម្ពុជាជាច្រើនរូប ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ហើយនិស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យបានវិលត្រឡប់មកចូលរួមបម្រើការងារ និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិ។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងស្រុក ព្រមទាំងរក្សាទំនាក់ទំនង និងពិភាក្សាការងារជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការវិនិយោគជាក់ស្ដែងនៅកម្ពុជា៕










