ក្រុមហ៊ុន ZTE Corporation ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ឈានមុខគេមួយរបស់ប្រទេសចិន មានផែនការពង្រីកការវិនិយោគលើវិស័យបច្ចេកវិទ្យាគមនាគមន៍នៅកម្ពុជា។
ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោក Xiao Ming តំណាងក្រុមហ៊ុន ZTE Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ តំណាងក្រុមហ៊ុន ZTE Corporation បានជម្រាបសម្ដេចមហាបវរធិបតី អំពីដំណើរការប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបានបញ្ជាក់ថា ក្រុមហ៊ុនផ្តោតអាជីវកម្មលើការផ្គត់ផ្គង់សម្ភារៈបរិក្ខារទូរគមនាគមន៍ និងផ្តល់ដំណោះស្រាយបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា(ICT)។ បច្ចុប្បន្ន ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្តាប្រទេសជាង១៦០ ជុំវិញពិភពលោក និងជាក្រុមហ៊ុនលំដាប់ថ្នាក់ទី២ លើសកលលោក ក្នុងការផ្គត់ផ្គង់ប្រព័ន្ធបច្ចេកវិទ្យា 5G។
តំណាងក្រុមហ៊ុន ZTE បានបញ្ជាក់ថា ក្រុមហ៊ុន បានបោះទុនវិនិយោគនៅក្នុងទីផ្សារកម្ពុជាអស់រយៈពេលជាង ២ទសវត្សរ៍មកហើយ។ តាមរយៈជោគជ័យនៃការវិនិយោគនេះ ក្រុមហ៊ុនមានបំណងពង្រីកទុនវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ក្នុងនាមជាសហគ្រាសផ្គត់ផ្គង់បណ្តាញទូរគមនាគមន៍ និងផ្តល់ដំណោះស្រាយបច្ចេកវិទ្យា ICT។
ក្រុមហ៊ុនក៏មានផែនការពង្រីកការវិនិយោគលើម៉ូដែលមូលដ្ឋានបញ្ញាសិប្បនិម្មិតអធិបតេយ្យរបស់កម្ពុជា (Cambodia Sovereign AI Foundation Model) និងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតជាតិ (National AI Infrastructure and Ecosystem) នៅកម្ពុជា។ កន្លងមក ក្រុមហ៊ុនក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការតភ្ជាប់បណ្តាញទូរគមនាគមន៍នៅតាមជនបទ, ការដាក់ពង្រាយបណ្តាញខ្សែកាបអុបទិក និងការផ្ដល់សេវាអ៊ីនធឺណិតល្បឿនលឿនតាមខ្សែ និងចល័ត នៅក្នុងប្រទេសកម្ពុជា។
សម្ដេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទូរគមនាគមន៍នៅកម្ពុជា។ សម្ដេចមហាបវរធិបតី បានស្វាគមន៍ចំពោះផែនការរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិស័យបច្ចេកវិទ្យា គឺជាវិស័យដ៏មានសារៈសំខាន់មួយ ដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការអភិវឌ្ឍ ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថល និងការរីកចម្រើនសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ សម្ដេចមហាបវរធិបតី បានបន្ថែមថា រាជរដ្ឋាភិបាលក៏បាននិងកំពុងជំរុញលើកទឹកចិត្តលើការកសាងធនធានមនុស្សជំនាញ ICT ដែលការបណ្ដុះបណ្ដាលនេះមិនត្រឹមតែផ្តោតលើរបៀបប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការអភិវឌ្ឍ, ការច្នៃប្រឌិត និង នវានុវត្តន៍ផ្នែកប្រព័ន្ធបច្ចេកវិទ្យា៕










