រដ្ឋបាលក្រុងកំពង់ចាម និងក្រុមហ៊ុន ស៊ីនទ្រី (CINTRI) នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានធ្វើពិធីចុះកិច្ចសន្យាជាផ្លូវការ ស្តីពីការគ្រប់គ្រងសំរាម បន្ទាប់ពីបានអនុវត្តសាកល្បងដោយជោគជ័យ ចាប់តាំងពីឆ្នាំ ២០២៣ មកដល់បច្ចុប្បន្ន។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាមក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ លោកអភិបាលក្រុងកំពង់ចាម និងតំណាងក្រុមហ៊ុន ស៊ីទ្រី លោក-លោកស្រី អភិបាលរងក្រុង ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ចៅសង្កាត់ទាំង៤ និងមន្ត្រីជំនាញផងដែរ។
ផ្អែកតាមកិច្ចសន្យា ក្រុមហ៊ុន ស៊ីទ្រី បានប្តេជ្ញាចិត្តបង្កើនមធ្យោបាយដឹកជញ្ជូន បំពាក់ឧបករណ៍សម្ភារទំនើបបន្ថែម និងបន្ថែមបុគ្គលិក ដើម្បីប្រមូលសំរាមឱ្យអស់តាមដងផ្លូវ និងទីប្រជុំជនបានទាន់ពេលវេលា។ រៀបចំកាលវិភាគ និងរថយន្តប្រមូលសំរាមតាមបណ្តាសង្កាត់ និងផ្លូវនីមួយៗឱ្យបានទៀងទាត់ ជៀសវាងការទុកសំរាមចោលយូរដែលបណ្តាលឱ្យធំក្លិន និងបាត់បង់សោភ័ណភាព។ បង្កើតក្រុមការងាររហ័ស ដើម្បីកែសម្រួល និងដោះស្រាយរាល់ការអាក់ខាន ឬបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋអំពីបញ្ហាសំរាមឱ្យបានឆាប់រហ័ស។
ក្នុងឱកាសនោះ អភិបាលខេត្ត ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឲ្យអាជ្ញាធរក្រុងកំពង់ចាម ខិតខំរកដៃគូសម្រាប់ការវិនិយោគសំរាម កុំឲ្យគេទុកចោលឥតប្រយោជន៍ ដើម្បីជាជ្រុងមួយនៃ ចំណូលសេដ្ឋកិច្ចរបស់ក្រុងផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងទៀតថា ការបន្តកិច្ចសន្យានាពេលនេះ គឺជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់សោភ័ណភាពក្រុង ដូច្នេះ ក្រុមហ៊ុន ស៊ីនទ្រី ត្រូវតែអនុវត្តតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នាក្នុងកិច្ចសន្យាឱ្យបានម៉ឺងម៉ាត់ និងទទួលខុសត្រូវខ្ពស់ ដោយត្រូវប្រមូលសំរាមឱ្យអស់ និងទាន់ពេលវេលា ដើម្បីធានាថា ក្រុងកំពង់ចាម មានបរិស្ថានស្អាត គ្មានសំរាមកកស្ទះ និងសមស្របជាក្រុងទេសចរណ៍គំរូ ដែលទទួលបានជ័យលាភី “ទីក្រុងស្អាត រំដួលបីទង” បន្តទៅទៀត៕











