សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន


សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសម្ដេចសង្ឃឹមថា អ្នកវិនិយោគរបស់អាមេរិក នឹងមករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

សម្តេចលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបានអនុញ្ញាតឱ្យលោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណប្រតិភូតំណាងក្រុមហ៊ុនអាមេរិក ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាព។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះលោក Brian ដែលដឹកនាំនូវអ្នកវិនិយោគរបស់អាមេរិកមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាក្នុងឱកាសនេះ។ សម្ដេចតេជោ បានលើកឡើងថា ជាញឹកញាប់ តាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រីមក គឺតែងតែជួបជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចរបស់អាស៊ាន ដែលជជែកទៅលើបញ្ហាសេដ្ឋកិច្ច និងការវិនិយោគរបស់អាមេរិក នៅក្នុងប្រទេសកម្ពុជា។ សម្ដេចក៏បានលើកឡើងនៅចំពោះមុខអ្នកវិនិយោគរបស់អាមេរិកដែរថា នៅពេលនេះទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសម្ដេចសង្ឃឹមថា អ្នកវិនិយោគរបស់អាមេរិក នឹងមករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់លោក ចំពោះទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក ដែលកំពុងតែមានភាពល្អប្រសើរជាមួយគ្នា ហើយសម្ដេចតេជោគាំទ្រយ៉ាងពេញទំហឹង ចំពោះអ្នកវិនិយោគរបស់មកកាន់ប្រទេសកម្ពុជា។ សម្ដេចបានលើកឡើងថា ចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក គឺសេដ្ឋកិច្ចនិងការវិនិយោគនេះឯង។

ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូល សម្ដេចសង្ឃឹមថា អ្នកវិនិយោគរបស់អាមេរិក នឹងមករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន។ សម្ដេចបានកត់សម្គាល់ថា អ្នកវិនិយោគរបស់អាមេរិកវិនិយោគនៅក្នុងប្រទេសកម្ពុជា លើផលិតផលធ្វើដំណើរដូចជារថយន្ត និងក៏មានផ្នែកសុខមាលភាព ការអប់រំ និងការពង្រឹងនូវផ្នែកបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជាផងដែរ ដែលជាចំណុចស្នូលមួយដែលកម្ពុជាចង់បាននៅផ្នែកនវានុវត្តន៍នេះឯង។ សម្ដេចក៏បានលើកឡើងថា កម្ពុជាថ្វីតែមានប្រជាជនតិច ក៏ប៉ុន្តែមានកម្លាំងទិញគឺដ៏ធំ។

នៅក្នុងឱកាសនោះ លោក Brian បានសម្ដែងនូវការអរគុណ ចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យលោក និងធុរជនទាំងឡាយមកបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។

លោកលើកឡើងថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន គឺមានសមាជិករហូតដល់ទៅ ១៨០ជាង ហើយមានការចាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគនៅក្នុងប្រទេសតំបន់អាស៊ាន ហើយជាពិសេសនៅក្នុងប្រទេសកម្ពុជាតែម្ដង។ លោកក៏បានលើកឡើងថា នៅពេលនេះ គឺទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកកំពុងតែដំណើរការល្អ កំពុងតែមានភាពល្អប្រសើរ ហើយលោកក្នុងនាមជាវិស័យឯកជន តំណាងឲ្យក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន គឺចង់ចូលរួមចំណែកនៅក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ក៏ដូចជារួមចំណែកនៅក្នុងការពង្រីកនៅទំនាក់ទំនោងរវាងកម្ពុជានិងអាមេរិក ឲ្យកាន់តែរឹងមាំបន្ថែមទៀត។

លោក Brian លើកឡើងថា ធុរជនរបស់អាមេរិក ក៏ដូចជាដៃគូក្រុមហ៊ុនរបស់អាមេរិក ដែលមកជួបសម្ដេចតេជោ នៅក្នុងពេលនេះ គឺដើម្បីរកឱកាសនៅក្នុងការវិនិយោគក៏ដូចជាការពង្រិចនៅការវិនិយោគបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនធំៗដែលជួបសម្ដេចតេជោ នៅក្នុងនេះមានដូចជាក្រុមហ៊ុន Ford ក្រុមហ៊ុន SC Johnson ក្រុមហ៊ុន Coca Cola ជាដើម និងដៃគូក្រុមហ៊ុនមួយចំនួនទៀត ដែលបានដឹកនាំប្រតិភូ ចូលជួបសម្ដែងការគួរសមសម្ដេចតេជោ។

រយៈពេលពេញ១ឆ្នាំ២០២៥ ការធ្វើពាណិជ្ជកម្មរវាង កម្ពុជា-អាមេរិក សម្រេចបានជាង១៣ពាន់លានដុល្លារអាមេរិក កើនឡើង២៩.២៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។