សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគាំទ្រដំណើរលើកកម្ពស់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក ថូម៉ាស់ អេនឌ្រូ នឹងធ្វើការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឱ្យកាន់តែល្អប្រសើរ។
នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យលោក ថូម៉ាស់ អេនឌ្រូ ចូលជួបសម្តែងការគួរសម និងជជែកលើកិច្ចការមួយចំនួនពាក់ព័ន្ធដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានការអបអរសាទរចំពោះ លោក ថូម៉ាស់ អេនឌ្រូ ដែលទទួលបានការតែងតាំងជារាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ជំនួសលោក វីទិត មុតាប៊ន ដែលបានលាលែងពីតំណែងកាលពីពេលថ្មីៗនេះ។ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ជំនួបរបស់សម្ដេចជាមួយលោក អេនឌ្រូ នាពេលនេះ នឹងជួយឱ្យលោកឈ្វេងយល់អំពីវឌ្ឍនភាពស្ថានភាពសិទ្ធិមនុស្ស ក៏ដូចជាដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
លោក ថូម៉ាស់ អេនឌ្រូ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានជួបសម្តែងការគួរសម។ លោកវាយតម្លៃខ្ពស់ចំពោះជំនួបនេះ ហើយគឺជាសញ្ញាវិជ្ជមានដ៏ល្អ បង្ហាញអំពីការផ្ដល់តម្លៃទៅលើការជជែកពិភាក្សាគ្នាអំពីបញ្ហាសិទ្ធិមនុស្ស។
ក្នុងជំនួបនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានរំលឹកកាលពីពេលលោកធ្វើជាអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅមីយ៉ាន់ម៉ា លោកមិនមានឱកាសជួបជាមួយមេដឹកនាំកំពូលប្រទេសមីយ៉ាន់ម៉ានោះឡើយ។ ត្រង់ចំណុចនេះ លោកវាយតម្លៃខ្ពស់ចំពោះការផ្ដល់ឱកាសរបស់សម្ដេចតេជោ ឱ្យលោកបានជួប។
លោក ថូម៉ាស់ អេនឌ្រូ ក៏បានរំលឹកនូវប្រសាសន៍របស់សម្តេចតេជោ ពេលនៅជានាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន ដោយអំពាវនាវឱ្យបន្ធូរបន្ថយទោសដល់អ្នកទោសមីយ៉ាន់ម៉ា ដែលត្រូវកាត់ទោសប្រហារជីវិត។ លោក អេនឌ្រូ បានលើកឡើងថា លោកចាប់អារម្មណ៍ខ្ពស់ ចំពោះការអំពាវនាវរបស់សម្ដេចតេជោកាលពីពេលនោះ។
លោក អេនឌ្រូ បានអបអរសាទរ និងកោតសរសើរកម្ពុជា ដោយបានលើកឡើងថា កម្ពុជា គឺជាប្រទេសឈានមុខគេមួយក្នុងតំបន់ក្នុងការផ្ដល់សច្ចាប័នទាក់ទងទៅនឹងសន្ធិសញ្ញាសិទមនុស្សអន្តរជាតិ។ នេះជាចំណុចដ៏ល្អប្រសើរមួយដែលកម្ពុជាបានធ្វើ ហើយមានការកោតសរសើរពីសំណាក់អ្នករាយការណ៍ពិសេសរបស់អង្គការសហជាតិ។
ក្នុងជំនួបនេះ អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក អេនឌ្រូ ក៏បានលើកឡើងអំពីចំណុចខ្វះខាតមួយចំនួនពាក់ព័ន្ធស្ថានភាពសិទ្ធិមនុស្ស និងការបញ្ចេញមតិ។
ឆ្លើយតបការលើកឡើងរបស់លោក អេនឌ្រូ អំពីចំណុចខ្វះខាតមួយចំនួនពាក់ព័ន្ធសិទ្ធិមនុស្ស ជាពិសេសទាក់ទងសេរីភាពនៃការបញ្ចេញមតិ, សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ពេលនិយាយអំពីសិទ្ធិមនុស្សគេត្រូវនិយាយអំពីសិទ្ធិរស់រៀនមានជីវិតជាមុនសិន ដែលជាការផ្ដល់អាទិភាពរបស់រដ្ឋាភិបាលកម្ពុជា។ ដូច្នេះសិទ្ធិបញ្ជេញមតិ អាចកើតមានទៅបានអាស្រ័យលើសិទ្ធិរស់រៀនមានជីវិត រស់រៀនមានជីវិត មានសន្តិភាព ស្ថេរភាពជាដើម ទើបមានសិទ្ធិបញ្ចេញមតិ។
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានគូសរំលេចថា ការបញ្ចេញមតិទាំងឡាយ រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាពេលសម្ដេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី គឺបានបើកសិទ្ធិសេរីភាពពេញលេញក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ឬការអនុវត្តសិទ្ធិមនុស្ស។ ប៉ុន្តែសិទ្ធិបញ្ចេញមតិទាំងឡាយត្រូវស្ថិតនៅក្រោមក្របខណ្ឌច្បាប់ ជាពិសេសរដ្ឋធម្មនុញ្ញរបស់កម្ពុជាតែម្ដង។
សម្ដេចតេជោ ហ៊ុន សែន បន្តថា សម្តេចបើកសិទ្ធិរិះគន់ក្នុងន័យស្ថាបនា ក៏ប៉ុន្តែបើក្នុងន័យប្រាសចាកអំពីរដ្ឋធម្មនុញ្ញរបស់កម្ពុជាហើយ នោះមិនមែនជាសិទ្ធិនៃការបញ្ចេញមតិទេ។
សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជាបន្ថែមថា ការអនុវត្តប្រជាធិបតេយ្យ ឬសិទ្ធិមនុស្សសម្រាប់ប្រទេសនានានៅលើសកលលោកនេះ សេរីភាពនៃការបញ្ចេញមតិ មិនមានប្រទេសណាមួយអនុវត្តបានល្អឥតខ្ចោះនោះឡើយ ពោលគឺតែងតែមានចំណុចខ្វះខាត។ ប៉ុន្តែការខ្វះខាតនោះ ត្រូវបានកែលំអ និងស្ថាបនាជាបន្តបន្ទាប់។ សម្តេចតេជោ សង្ឃឹមថា លោក អេនឌ្រូ នឹងធ្វើការជិតស្និទ្ធិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញវឌ្ឍនភាពផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាកាន់តែល្អប្រសើរ៕





















