ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង


នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណ ត្រូវបានប្រារព្ធឡើងស្ថិតនៅភូមិអូការខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ រួមជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូបទៀត។

ការសាងសង់មណ្ឌលអប់រំផ្លូវចិត្តតាមវិបស្សនាញាណនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ព្រះពុទ្ធសាសនា និងការអប់រំផ្លូវចិត្តដល់ប្រជាពលរដ្ឋគ្រប់រូប។ វិបស្សនាញាណគឺជាវិធីសាស្ត្របច្ចេកទេសបង្វឹកចិត្ត និងអារម្មណ៍ ដើម្បីស្វែងយល់ពីសភាពជាក់ស្ដែងនៃជីវិត តាមរយៈការសង្កេតមើលប្រកបដោយសមាធិ ដែលជួយបង្កើនការយល់ដឹង និងការសម្រាកផ្លូវចិត្ត។ ការអនុវត្តតាមវិធីនេះមានអត្ថប្រយោជន៍យ៉ាងសំខាន់ក្នុងការអប់រំផ្លូវចិត្ត ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទឲ្យមានសេចក្តីសុខ សុភមង្គល និងជោគជ័យក្នុងការងារ។

ពិធីនេះត្រូវបានរៀបចំឡើងតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងប្រពៃណីខ្មែរ ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនពីម្ចាស់ទឹកម្ចាស់ដី និងអ្នកតាដែលចាំថែរក្សាក្នុងភូមិឋាននៅទីនោះ សម្រាប់ដំណើរការសាងសង់ប្រកបដោយសុខសុវត្ថិភាព និងសម្រេចបានជោគជ័យ។ មណ្ឌលនេះនឹងក្លាយជាទីកន្លែងសម្រាប់ការអប់រំផ្លូវចិត្ត ការអនុវត្តសមាធិ និងការអភិវឌ្ឍគុណធម៌ សីលធម៌ និងប្រាជ្ញា សម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទទូទៅ ព្រមទាំងរួមចំណែកលើកកម្ពស់សុខុមាលភាពផ្លូវចិត្ត និងការរស់នៅប្រកបដោយសន្តិភាព និងសុខដុមរមនា។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងប្រតិភូថ្នាក់ដឹកនាំ ក៏បានអញ្ជើញនាំយកដើមពោធិ៍ដែលបាននាំមកពីប្រទេសសិរីលង្កាទៅដាំ ដើម្បីជាការគោរពរំលឹកដល់ព្រះភក្ត្ររបស់ព្រះពុទ្ធ និងតំណាងឱ្យសេចក្តីសុខ សន្តិភាព និងភាពចម្រុងចម្រើនក្នុងជីវិត។

មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនេះ គ្រោងសាងសង់លើផ្ទៃដីទំហំជិត១០ហិកតា ហើយនឹងសម្រេចបានទៅតាមផែនការ ដើម្បីឲ្យក្លាយជាឧត្តមប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ព្រះពុទ្ធសាសនា និងសង្គមជាតិទាំងមូល៕