ព្រះមហាក្សត្រ នៃកម្ពុជា ផ្ញើព្រះរាជសារជូនពរសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦


ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានផ្ញើព្រះរាជសារ ជូនពរជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្ដេចតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦។

ព្រះរាជសារបស់ព្រះមហាក្សត្រមានខ្លឹមសារដូច្នេះថា៖ «ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចអគ្គមហាសេនាបតីតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមប្រសិទ្ធពរបវរ មហាប្រសើរ ជូន សម្តេចអគ្គមហាសេនាបតីតេជោ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណ ភ្លឺថ្លា កម្លាំងពលំមាំមួន និងសូមទទួលបាននូវមហាជោគជ័យថ្មីៗបន្តទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើជាតិ និងមាតុភូមិកម្ពុជា។

ខ្ញុំសូមកោតសរសើរដ៏កក់ក្តៅជាទីបំផុត ចំពោះវីរភាពដ៏ឧត្តុង្គឧត្តម និងគុណបំណាច់ដ៏ថ្លៃថ្លា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ដែលមានឆន្ទៈមោះមុតស្នេហាជាតិដ៏ឆ្នើមជាទីបំផុត បានលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ក្នុងការ លើកស្ទួយកិត្យានុភាពជាតិ តាមរយៈការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមដឹកនាំកសាង និងការពារជាតិ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ឯកភាពជាតិពេញលេញ សាមគ្គីភាពជាតិជាធ្លុងមួយ ទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរុងរឿងយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ជាពិសេស ក្នុងព្រះបរមនាមខ្ញុំ សម្តេចអគ្គមហាសេនាបតីតេជោ បានទទួលជួយកិច្ចការដ៏ឧត្តុង្គឧត្តម ជាច្រើន ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលអវត្តមានខ្ញុំទៅពិនិត្យព្រះរាជ សុខភាពនៅសាធារណរដ្ឋប្រជាមានិតចិន។ លើសពីនេះទៅទៀត សម្តេចអគ្គមហាសេនាបតីតេជោ បាននិងកំពុងដឹកនាំព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូល នៃព្រះរាជាណាចក្រកម្ពុជា សម្រេច បាននូវស្នាដៃ និងសមិទ្ធផលធំៗជាបន្តបន្ទាប់ជូនជាតិ ព្រមទាំងទទួលបាននូវកិត្តិនាមល្បីរន្ទឺទាំងនៅលើ ឆាកជាតិ និងអន្តរជាតិ។

ក្នុងឱកាសខួបចម្រើនជន្មាយុដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំសូមប្រសិទ្ធពរបវរមហាប្រសើរ ជូន សម្តេច អគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសមាជិក-សមាជិកា នៃព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕