សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានសពព្រះទ័យ ផ្ញើសារលិខិតជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្ដេចតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦។
សារលិខិរបស់សម្តេចម៉ែ មានខ្លឹមសារដូចតទៅ៖ «នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចអគ្គមហាសេនាបតីតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមសម្តែងនូវ អំណរសាទរ និងសូមប្រសិទ្ធពរបវរមហាប្រសើរ ជូន សម្តេចអគ្គមហាសេនាបតីតេជោ សូមប្រកបដោយ បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំមាតុភូមិ កម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខបន្តទៀត។
ខ្ញុំសូមកោតសរសើរដ៏កក់ក្តៅជាទីបំផុត ចំពោះវីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ដែលជាអគ្គមគ្គទេសក៍ដ៏ឆ្នើមដឹកនាំប្រទេសជាតិ ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ ឆន្ទៈមោះមុត និងម៉ឺងម៉ាត់បំផុត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិពេញលេញ សាមគ្គីភាពជាតិជាធ្លុងមួយ និងការអភិវឌ្ឍជាតិមានភាពរីកចម្រើនលើ គ្រប់វិស័យ ជាពិសេសបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជារាស្ត្រក្នុងសង្គមជាតិ និងលើកតម្កើង កិត្យានុភាពជាតិនៅលើឆាកជាតិ និងអន្តរជាតិ។
ក្នុងឱកាសខួបចម្រើនជន្មាយុដ៏វិសេសវិសាលនេះ ខ្ញុំសូមប្រសិទ្ធពរបវរមហាប្រសើរ ជូន សម្តេច អគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសមាជិក-សមាជិកា នៃព្រឹទ្ធសភា សូមទទួលបាននូវមហាជោគជ័យថ្មីៗបន្តទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

