សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។
តាមរយៈសារលិខិតរបស់ សម្តេចរដ្ឋសភាធិការធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរ និងសូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះ សម្តេចតេជោ សូមបាន ប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ»។
ឆ្លៀតក្នុងវរោកាសដ៏វិសេសវិសាលប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវកតញ្ញូតាធម៌ដ៏ ជ្រាលជ្រៅបំផុតចំពោះគុណូបការៈដ៏ធំធេង និងសូមកោតសរសើរប្រកបដោយមោទកភាពជាទីបំផុតចំពោះ គំរូវីរភាពដ៏មហស្ចារ្យរបស់ សម្តេចតេជោ ដែលបានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយពល និងបញ្ញាញាណ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាងសូម្បីជីវិតសម្តេចផ្ទាល់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
លើសពីនេះទៀត សម្តេចតេជោ បានបំពេញនូវបេសកកម្មដ៏ឧត្តុង្គឧត្តម និងមានតម្លៃជាប្រវត្តិសាស្ត្រក្នុងការ ដឹកនាំព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃ និង សមិទ្ធផលថ្មីៗជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏ជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមដែលបានដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកភាពសុខដុមរមនា ការបង្រួបបង្រួមជាតិ ការពង្រឹងនីតិរដ្ឋ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការរក្សាបាននូវស្ថិរភាព វិបុលភាព និងការរីកចម្រើនលើគ្រប់វិស័យ ដែលកត្តាទាំងនេះបានធ្វើឱ្យ សម្តេចតេជោ ទទួលបាននូវការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

