ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរលើកទី១១ ឆ្នាំ២០២៦ ទាក់ទាញអ្នករត់ជាង៦ពាន់នាក់ ក្នុងនោះមានអត្តពលិកអន្ដរជាតិមកពី៥១ប្រទេស


ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ ឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅមុខប្រាសាទអង្គរវត្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ព្រឹត្តិការណ៍ឆ្នាំនេះមានអត្តពលិក និងអ្នកចូលរួមរត់ប្រណាំងសរុបចំនួន ៦,៥០០នាក់ កើនឡើង២៥% ធៀបនឹងឆ្នាំ២០២៥ ក្នុងនោះ អត្តពលិកខ្មែរមានចំនួន ៥,៤៥០នាក់ និងអត្តពលិកអន្តរជាតិចំនួន១,០៥០នាក់ មកពី៥១ប្រទេស។

ប្រទេសដែលមានអត្តពលិកចូលរួមច្រើនជាងគេ រួមមាន៖ ចិន ២០១នាក់ ជប៉ុន ១០០នាក់ និងចក្រភពអង់គ្លេស១០០នាក់។

ការកើនឡើងនៃចំនួនអ្នកចូលរួម ជាពិសេសអត្តពលិកអន្តរជាតិ ឆ្លុះបញ្ចាំងពីភាពទាក់ទាញកាន់តែខ្លាំងនៃព្រឹត្តិការណ៍កីឡាអន្តរជាតិនៅតំបន់អង្គរ និងរួមចំណែកជំរុញ ទេសចរណ៍កីឡា (Sports Tourism) ផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ព្រមទាំងនាំយករូបភាពនៃ កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ទៅកាន់ពិភពលោក៕