លោកជំទាវ លៀង យុគ​ ថោជេដ្ឋា​ ​អញ្ជើញជាអធិបតីបើក​សិក្ខាសាលាបណ្ដុះបណ្តាល​​ស្ដីពីការលើកកម្ពស់សមភាពជាអ្នកដឹកនាំរបស់ស្រ្តី​ ​ក្នុងការគ្រប់គ្រងធនធានទឹក និង​ការប្រែប្រួលអាកាសធាតុ​


នាព្រឹកថ្ងៃពុធ ៧រោច​ ខែ​ទុតិយាសាឍ ឆ្នាំមមី​ អដ្ឋស័ក ពុទ្ធសករាជ ២៥៧០​ ត្រូវនឹងថ្ងៃទី​៥​ ខែសីហា ឆ្នាំ​២០២៦​នេះ​ លោកជំទាវ លៀង យុគ ថោជេដ្ឋា​ ប្រធានកិត្តិយស​សមាគមនារីកម្ពុជា​ ​​ដើម្បីសន្តិភាព និង​អភិវឌ្ឍន៍​នៃ​ក្រសួងធនធានទឹក និង​ឧតុនិយម​ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្តាលស្ដីពីការលើកកម្ពស់សមភាពជាអ្នកដឹកនាំរបស់ស្រ្តី​ ​ក្នុងការគ្រប់គ្រងធនធានទឹក និង​ការប្រែប្រួលអាកាសធាតុ​ នៅសាលប្រជុំនៃទីស្ដីការក្រសួង ដោយ​មានសមាសភាព​ចូលរួមជា​​មន្ត្រីបង្គោល និង​មន្ត្រី​ទទួលបន្ទុកការងារយេនឌ័រ​​មកពីបណ្តា​នាយកដ្ឋាន និង​អង្គភាពក្រោមឱវាទក្រសួងធនធានទឹក និង​ឧតុនិយម​ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង​អាជ្ញាធរទន្លេសាប ព្រមទាំងតំណាងមក​ពីមន្ទីរធនធានទឹក និង​ឧតុនិយមរាជធានី-ខេត្តទាំង​២៥។​​

លោកជំទាវ បានបញ្ជាក់ឱ្យដឹងថា​ ការ​រៀបចំ​សិក្ខាសាលាបណ្ដុះបណ្តាលនេះឡើង​​ គឺ​ដើម្បី​បន្តអនុវត្តលើការបញ្ជ្រាបប្រព័ន្ធការងារយេនឌ័រ​ ​ក្នុងវិស័យធន​ធាន​ទឹក សំដៅ​ពង្រឹងសមត្ថភាព​មន្ត្រីរាជការ​នៃក្រសួង​ធន​ធានទឹក និង​ឧតុនិយម​គ្រប់កម្រិត​ ​​ស្ដីពី​ចំណេះដឹងយេនឌ័រ ក៏ដូចជា​ដើម្បី​បង្ហាញនូវសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម​ និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី​​ ប្រកបដោយប្រសិទ្ធភាព​ និងសុវត្ថិភាព ស្របតាម​គោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងចក្ខុវិស័យ​​ដែលបានលើកឡើង​ក្នុង​​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១​ របស់រាជរដ្ឋាភិបាលនីតិកាលទី៧​ នៃរដ្ឋសភា​​​ ក្រោមការដឹកនាំរបស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​។

ទន្ទឹមនឹងនេះ​ លោកជំទាវ​ បានបញ្ជាក់បន្ថែមថា​ ថ្នាក់​ដឹកនាំក្រសួងធនធានទឹក និង​ឧតុនិយម​ បានបន្ត​គាំទ្រ​ និងជំរុញការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យ​​ធនធានទឹក តាមរយៈការបង្កើនសមាមាត្រ និង​ការពង្រឹងសមត្ថភាពស្រ្តី បង្កើនភាពអង់អាចក្លាហានក្នុងតួនាទីសម្រេចចិត្តទាំងថ្នាក់ជាតិ​និងថ្នាក់ក្រោមជាតិ។

ជាចុងក្រោយ​ លោកជំទាវ​ មាន​ជំនឿយ៉ាងមុតមាំ​​​ថា​ ​សិក្ខាកាមទាំងអស់​នឹង​ខិត​ខំយកចិត្ត​ទុកដាក់ត្រងត្រាប់​​​ក្រេបយកចំណេះដឹង​ និង​បទពិសោធន៍​ពីគ្រូឧទ្ទេស​ ព្រមទាំង​ចូលរួមក្នុងកិច្ចពិភាក្សាឱ្យបានផុសផុល ដើម្បីទទួល​បាននូវ​ចំណេះ​ជំនាញភាពជាអ្នកដឹកនាំ​បន្ថែមទៀត​ពីក្នុងវគ្គ​បណ្តុះបណ្តាល​រយៈពេល២ថ្ងៃនេះ​ សម្រាប់យកទៅបំពេញការងារតាម​អង្គភាពរៀងៗ​ខ្លួន​​ និង​រួម​ចំណែក​ដល់ការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងវិស័យ​ធនធានទឹក និងនៅក្នុង​សង្គម​ជាតិទាំងមូល​ប្រកបដោយចីរភាព និងបរិយាបន្ន៕