រាជរដ្ឋាភិបាល ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» ដែលគ្រោងចំណាយជាង ១២០០លានដុល្លារ ជួយរក្សាលំនឹងជីវភាពប្រជាជន និងការធ្វើអាជីវកម្ម


រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ ២០២៦ នេះ ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» ដែលមានគ្រោងចំណាយជាង១២០០លានដុល្លារ ​ដើម្បីធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមកម្ពុជាសម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ។

ពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» រៀបចំឡើងក្រោមអធិបតីភាព ​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា បន្ទាប់ពីវិបត្តិកូវីដ-១៩ កម្ពុជានៅតែបន្តប្រឈមនឹងពហុវិបត្តិជាអន្តរកាល រួមមានការប្រែប្រួលរបបពាណិជ្ជកម្មសកល យុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ បញ្ហាព្រំដែនកម្ពុជា-ថៃ និងជាពិសេសវិបត្តិនៅតំបន់មជ្ឈិមបូព៌ា ដែលបានបង្កឱ្យតម្លៃប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈកើនឡើងខ្ពស់ ព្រមទាំងសម្ពាធអតិផរណា។ ទោះបីជាកម្ពុជាជាប្រទេសតូចក៏ដោយ រាជរដ្ឋាភិបាលតែងមានចក្ខុវិស័យច្បាស់លាស់ និងភាពបុរេសកម្មក្នុងការដាក់ចេញនូវវិធានការអន្តរាគមន៍នានា។ ជាលទ្ធផល សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើន ៥,៣% ក្នុងឆ្នាំ ២០២៥ ប៉ុន្តែត្រូវបានព្យាករណ៍ថានឹងថយចុះមកត្រឹម ៤,១% ក្នុងឆ្នាំ ២០២៦ ដោយសារផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈិមបូព៌ា។

«កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» ​ត្រូវបានរៀបចំឡើងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា។ កម្មវិធីនេះរួមបញ្ចូលទាំងវិធានការផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ សំដៅជំរុញកំណើន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចសង្គម ដោយយកចិត្តទុកដាក់លើជីវភាពប្រជាជន ជាពិសេសក្រុមគ្រួសារក្រីក្រ និងងាយរងហានិភ័យ ព្រមទាំងគាំពារសកម្មភាពសេដ្ឋកិច្ច និងអាជីវកម្ម ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម។

កម្មវិធីអន្តរាគមន៍នេះត្រូវបានបែងចែកជា ៣ កញ្ចប់អន្តរាគមន៍ ដែលមានវិធានការសរុបចំនួន ២៧ និងទំហំចំណាយប្រមាណ ១ ២២៤,២ លានដុល្លារអាម៉េរិក ​ក្នុងនោះរួមមាន៖

កញ្ចប់អន្តរាគមន៍ទី១៖ ការរក្សាលំនឹងជីវភាព ដោយផ្សារភ្ជាប់នឹងការបង្កើតការងារ ផ្តោតលើប្រជាជនក្រីក្រ ងាយរងហានិភ័យ និងអាជីវករខ្នាតមីក្រូ តូច និងមធ្យម។ វិធានការសំខាន់ៗរួមមាន ការបន្តអនុវត្តវិធានការចំណាយសារពើពន្ធលើផលិតផលតេលសិលា រហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២៦ ​ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងអ្នករត់រ៉ឺម៉កកង់បី (បើកផ្តល់លើកដំបូងក្នុងខែកញ្ញា) និងកម្មវិធីកសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន ដែលអាចបង្កើតការងារប្រមាណ ២២ ម៉ឺននាក់។ កញ្ចប់នេះក៏គិតគូរពីការលើកស្ទួយជីវភាពពលករទេសន្តរប្រវេសន៍ និងជនភៀសសឹក ព្រមទាំងគាំទ្រធុរកិច្ចថ្មី និង MSMEs។

​កញ្ចប់អន្តរាគមន៍ទី ២៖ ការផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយផ្សារភ្ជាប់នឹងការបង្កើតមុខរបរ ផ្តោតលើការគាំទ្រកម្មវិធីអភិវឌ្ឍន៍ជំនាញដែលមានស្រាប់ និងរៀបចំកម្មវិធីបណ្តុះបណ្តាលថ្មីៗដែលឆ្លើយតបនឹងតម្រូវការទីផ្សារ។ វិធានការគន្លឹះរួមមានការពង្រីកកម្មវិធី «ជំនាញខ្ញុំ ការងារខ្ញុំ» (My Skills, My Job) និងកម្មវិធីគាំទ្រយុទ្ធសាស្ត្រជាតិស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងការបណ្តុះបណ្តាលវគ្គខ្លីនៅតាមសាកលវិទ្យាល័យ និងការជួយស្វែងរកការងារ។

​កញ្ចប់អន្តរាគមន៍ទី ៣៖ ការគ្រប់គ្រង ការធ្វើអន្តរកម្ម និងការបំប្លែងថាមពល ក្នុងគោលបំណងជំរុញការប្រើប្រាស់ថាមពលអគ្គិសនី ឬថាមពលស្អាត ដើម្បីកាត់បន្ថយការពឹងផ្អែកលើឧស្ម័នឥន្ធនៈ ឬប្រេងឥន្ធនៈ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​មានប្រសាសន៍ថា «កម្មវិធីអន្តរាគមន៍» នេះមិនត្រឹមតែដោះស្រាយផលប៉ះពាល់ភ្លាមៗនៃវិបត្តិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការវិនិយោគលើប្រជាជន ការបង្កើតការងារ ការបង្កើនផលិតភាព និងការពង្រឹងភាពធន់នៃសេដ្ឋកិច្ចកម្ពុជាទាំងមូល សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិសម្រាប់ឆ្នាំ ២០២៦ នេះ និងជាមូលដ្ឋានសម្រាប់គាំទ្រសេដ្ឋកិច្ចឲ្យបន្តស្ថិតលើមាគ៌ានៃកំណើនប្រកបដោយចីរភាពនៅបណ្តាឆ្នាំខាងមុខ៕