រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចែករំលែកការផ្សាយរបស់សារព័ត៌មានបារាំង ពីស្ថានភាពព្រំដែនកម្ពុជា-ថៃ, កុមារភៀសសិកនិយាយថា «ខ្ញុំនឹកផ្ទះរបស់ខ្ញុំ, រាល់ថ្ងៃ ខ្ញុំសុបិនចង់ត្រឡប់ទៅផ្ទះវិញ»


ឯកឧត្តម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចែករំលែកការចេញផ្សាយរបស់សារព័ត៌មានបារាំងមួយទៀត ដោយបានចុះផ្សាយព័ត៌មាន អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ បន្ថែមពីលើកាសែត Le Monde, La Liberation, Le Figaro នោះ គឺទីភ្នាក់ងារព័ត៌មានបារាំង Agence France Press (AFP)។

«ខ្ញុំនឹកផ្ទះរបស់ខ្ញុំ»៖ ប្រជាពលរដ្ឋកម្ពុជាដែលត្រូវភៀសខ្លួន ដោយសារជម្លោះ ចាប់ផ្តើមកសាងជីវិតឡើងវិញ «I miss my home’: Cambodians displaced by conflict start over» ជាចំណងជើងនៃអត្ថបទទីភ្នាក់ងារសារព័ត៌មាន AFP។ ខាងក្រោម ខ្ញុំសូមសង្ខេបខ្លីនៃខ្លឹមសារ https://www.yahoo.com/news/world/articles/miss-home-cambodians-displaced-conflict-023152876.html។ អត្ថបទរបស់ AFP នឹងត្រូវសារព័ត៌មាននានានៅលើពិភពលោកយកទៅផ្សព្វផ្សាយបន្ត។

«រាល់ថ្ងៃ ខ្ញុំសុបិនចង់ត្រឡប់ទៅផ្ទះវិញ» នេះជាសំឡេងដ៏ឈឺចាប់របស់ជនភៀសសឹកកម្ពុជា ដែលរហូតមកដល់ពេលនេះ នៅតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញបាន។ អ្នកស្រី កែវ សុធារី អាយុ ៣៩ឆ្នាំ មកពីភូមិបឹងត្រកួន បានប្រាប់ AFP ទាំងទឹកភ្នែកថា៖ «ថៃបានយកផ្ទះរបស់ខ្ញុំ។ ខ្ញុំមិនចង់និយាយអំពីវាទេ។ ពេលខ្ញុំនិយាយអំពីវា ខ្ញុំទប់ទឹកភ្នែកមិនបានទេ»

ចំណែកអ្នកស្រី អ៊ឺម ជ្រែប អាយុ ៤៨ឆ្នាំ បាននិយាយថា៖ «ខ្ញុំនៅតែនឹកផ្ទះរបស់ខ្ញុំ ព្រោះអ្វីៗដែលខ្ញុំបានកសាងអស់រយៈពេល ២០ ឬ ៣០ ឆ្នាំ គឺនៅទីនោះទាំងអស់» ហើយអ្នកស្រីបានហៅទាហានថៃដែលកាន់កាប់ទីនោះថា «ចោរ»

AFP រាយការណ៍ថា ប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០នាក់ នៅតែមិនអាចត្រឡប់ ទៅលំនៅឋានរបស់ពួកគេបាន ដោយសារកងទ័ពថៃគ្រប់គ្រងទីតាំងដែលពួកគេធ្លាប់រស់នៅ។ AFP ក៏បានឃើញផ្លូវទៅភូមិបឹងត្រកួនត្រូវបានបិទដោយកុងតឺន័រ និងលួសបន្លាដែលដំឡើងដោយកងកម្លាំងថៃ។

ទោះបីរាជរដ្ឋាភិបាលកម្ពុជាបានសាងសង់ «ភូមិរង់ចាំ» និងផ្ទះថ្មីជាង ៣,០០០ខ្នង ដើម្បីផ្តល់ជម្រកសមរម្យដល់គ្រួសារភៀសសឹកក៏ដោយ ផ្ទះថ្មីអាចផ្តល់ទីជម្រក ប៉ុន្តែមិនអាចជំនួសផ្ទះដែលពួកគេចង់វិលត្រឡប់ទៅរស់នៅវិញបានឡើយ។

ដូចដែលលោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានប្រាប់ AFP៖ ពួកគេ «មានសិទ្ធិវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ»

សូមអានអត្ថបទតំណរភ្ជាប់៖ https://www.yahoo.com/news/world/articles/miss-home-cambodians-displaced-conflict-023152876.html