(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា តំណាងដោយលោក សុខ ឥសាន បានសម្រេចដាក់ពាក្យបណ្តឹង ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក អ៊ូ វីរៈ ពីបទធ្វើការអះអាងបរិហារកេរ្តិ៍ជាសាធារណៈ។
នៅក្នុងពាក្យបណ្តឹងរបស់ CPP បានបញ្ជាក់ថា លោក អ៊ូ វីរៈ បានធ្វើការអះអាងបរិហារកេរ្តិ៍ជាសាធារណៈថា «យុទ្ធសាស្រ្តរបស់គណបក្សកាន់អំណាច នៅពេលនេះគឺព្យាយាមគាបសង្កត់ លោក កឹម សុខា និងហិរញ្ញវត្ថុរបស់លោក។ …..ឈ្មោះនេះក៏បានលើកឡើងថា ការដែលគណបក្សប្រជាជនកម្ពុជារវល់គិតគូរបំបាត់ គូប្រកួតប្រជែងនយោបាយតាមរបៀបនេះ នឹងកាន់តែធ្វើឲ្យបាត់បង់ប្រជាប្រិយភាពខ្លាំង ហើយមន្រ្តីនៅក្នុងបក្សនេះមួយចំនួន ក៏មិនពេញចិត្តចំពោះយន្តការនេះដែរ»។
គណបក្សប្រជាជនកម្ពុជា បានអះអាងថា អំពើរបស់លោក អ៊ូ វីរៈ ដែលបានធ្វើតាមមធ្យោបាយទូរគមនាគមន៍ សោតទស្សន៍គឺជាការបរិហាកេរ្តិ៍ជាសាធារណៈ និងបានបំពានទៅនឹងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕
គណបក្សប្រជាជនកម្ពុជា បានសម្រេចដាក់ពាក្យបណ្តឹងប្តឹង លោក អ៊ូ វីរៈ ជាផ្លូវការ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ
