នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានរៀបចំយុទ្ធនាការដាំដើមឈើឡើងវិញនៅក្នុងតំបន់ព្រៃលិចទឹក (ដីតំបន់៣) ប្រមាណជាង ១,០០០ដើម ស្ថិតនៅភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកការពារ និងស្តារធនធានធម្មជាតិជុំវិញបឹងទន្លេសាប។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង ព្រមទាំងមានការអញ្ជើញចូលរួមពី លោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំអន្សាចំបក់ និងឃុំស្រែស្តុក ព្រមទាំងមន្ត្រីរាជការ និងសហការីយ៉ាងច្រើនកុះករ។
ឯកឧត្តមខូយ រីដា បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ លោក អេង គន្ធា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំអន្សាចំបក់ ដែលបានខិតខំប្រឹងប្រែងជម្រុញការអភិវឌ្ឍលើគ្រប់វិស័យក្នុងមូលដ្ឋានឃុំអន្សាចំបក់ ព្រមទាំងបានកសាងចលនាយ៉ាងសកម្ម ក្នុងការដាំដើមឈើលម្អតាមគ្រប់ខ្សែផ្លូវ និងតំបន់សាធារណៈ ដើម្បីបង្កើតគម្របបៃតង និងលើកកម្ពស់ភូមិឃុំឱ្យមានបរិស្ថានស្អាត ស្រស់បំព្រង។
ឯកឧត្តមបានជម្រាបជូនថា យុទ្ធនាការដាំដើមឈើ នៅតំបន់ព្រៃលិចទឹក (តំបន់៣) នេះ មិនត្រឹមតែជាការបំពេញគម្របព្រៃឈើឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចដ៏សំខាន់ ក្នុងការថែរក្សាជម្រកពូជត្រីពងកូន និងទ្រទ្រង់ជីវចម្រុះ ជុំវិញបឹងទន្លេសាបឱ្យមាននិរន្តរភាព។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ ពីការបន្តទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពកាប់ឆ្ការ រានទន្ទ្រានយកដីព្រៃលិចទឹកខុសច្បាប់ ដោយត្រូវរួមគ្នារក្សាការពារទ្រព្យសម្បត្តិធម្មជាតិនេះ ទុកជាប្រយោជន៍រួមដល់កូនចៅជំនាន់ក្រោយ។
ឯកឧត្តម ខូយ រីដា បានអំពាវនាវដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបន្តសហការគ្នាយ៉ាងជិតស្និទ្ធជាមួយក្រុមការងាររាជរដ្ឋាភិបាល ក្នុងការថែរក្សាដើមឈើដែលបានដាំរួច ឱ្យលូតលាស់ល្អប្រសើរ និងចូលរួមការពារធនធានធម្មជាតិ នៅតំបន់នោះឱ្យបានគង់វង្ស។
យុទ្ធនាការនាព្រឹកនេះ បានស្តែងឱ្យឃើញពីស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់ជាប្រចាំរបស់ថ្នាក់ដឹកនាំខេត្ត និងក្រុមការងាររាជរដ្ឋាភិបាល ក្នុងការអភិរក្សបរិស្ថាន និងកសាងបៃតងរ៉ៃនៅតំបន់បឹងទន្លេសាប៕



































