រដ្ឋមន្រ្តីសុខាភិបាល៖ «ការផ្លាស់ប្តូរដែលផ្តល់ក្តីសង្ឃឹម» ការបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពខ្ចាស់ ខេត្តសៀមរាប


ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ថ្ងៃនេះបានត្រឡប់មកមណ្ឌលសុខភាពមួយ ដែលកាលពីមុនធ្លាប់ធ្វើឱ្យមានក្តីបារម្ភជាច្រេីន។ ប៉ុន្តែលើកនេះ ពេលចាកចេញមកវិញ ធ្វេីឲ្យមានក្តីសប្បាយរីករាយ និងក្តីសង្ឃឹមក្នុងចិត្តជាខ្លាំង ដែលនេះការផ្លាស់ប្តូរដែលផ្តល់ក្តីសង្ឃឹម។

ការលើកឡើងយ៉ាងដូច្នេះរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពខ្ចាស់ ខេត្តសៀមរាប ដោយមិនជូនដំណឹងជាមុន នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តមសាស្ត្រាចារ្យបានថ្លែងទៀតថា អ្វីដែលបានឃើញ មិនមែនគ្រាន់តែជាអគារដែលត្រូវបានជួសជុល ឬបរិស្ថានដែលកាន់តែស្អាតប៉ុណ្ណោះទេ។ អ្វីដែលសំខាន់ជាងនេះ គឺបានឃើញ ការផ្លាស់ប្តូររបស់បុគ្គលិកសុខាភិបាល។

អ្នកដឹកនាំថ្មី ដែលត្រូវបានលើកទឹកចិត្ត និងតែងតាំងចេញពីក្នុងក្រុមការងារដដែល បាននាំមកនូវស្មារតីថ្មី។ បុគ្គលិកមានភាពជឿជាក់លើខ្លួនឯងកាន់តែខ្លាំង មានទំនួលខុសត្រូវ សាមគ្គីភាព និងយល់ច្បាស់ពីភារកិច្ចរបស់ខ្លួន។ បងប្អូនយកចិត្តទុកដាក់លើកន្លែងធ្វើការ និងសំខាន់បំផុត គឺបម្រើប្រជាពលរដ្ឋដោយស្មារតីថ្មី។ ការផ្លាស់ប្តូរនេះ មិនត្រឹមតែអាចមើលឃើញទេ ប៉ុន្តែអាច វាស់វែងបានជាក់ស្តែង។

ឯកឧត្តមសាស្ត្រាចារ្យបានបន្តថា ពីមុន មណ្ឌលសុខភាពនេះមានអ្នកមកពិគ្រោះជំងឺជាមធ្យមត្រឹមតែប្រមាណ ៥នាក់ក្នុងមួយថ្ងៃ។ បច្ចុប្បន្ន កើនឡើងដល់ប្រមាណ ៧០នាក់ក្នុងមួយថ្ងៃ ហើយមានអ្នកជំងឺសម្រាកព្យាបាលនៅមណ្ឌលសុខភាពថែមទៀត។ នេះមិនមែនគ្រាន់តែជាការកើនឡើងនៃតួលេខទេ ប៉ុន្តែនេះគឺជាការវិលត្រឡប់មកវិញនៃជំនឿទុកចិត្ត ភាពជឿជាក់ និងក្តីសង្ឃឹម។

ឯកឧត្តមសាស្ត្រាចារ្យបានថ្លែងទៀតថា បទពិសោធន៍នេះរំលឹកឲ្យឃេីញថា ការចុះពិនិត្យមិនមែនដើម្បីរកកំហុស ឬធ្វើឱ្យបុគ្គលិកភ័យខ្លាចនោះទេ។ គោលបំណងពិតប្រាកដ គឺដើម្បីស្វែងរកចំណុចខ្វះខាត ជួយគ្នាកែតម្រូវ លើកទឹកចិត្ត និងជំរុញឱ្យក្រុមការងាររបស់យើងអាចធ្វើបានកាន់តែល្អប្រសើរ។

តួនាទីរបស់អ្នកដឹកនាំ មិនមែនត្រឹមតែចង្អុលបង្ហាញថាអ្វីខុសនោះទេ ប៉ុន្តែគឺធ្វើឱ្យបងប្អូនជឿថា បងប្អូនអាចធ្វើបានល្អជាងមុន ហើយផ្តល់ឱកាសឱ្យ បងប្អូនបង្ហាញថាពិតជាអាចធ្វើបាន។

នាឳកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃមណ្ឌលសុខភាពលនេះ។ សូមបន្តរក្សាស្មារតីនេះ កុំឈប់ត្រឹមសមិទ្ធផលថ្ងៃនេះ ហើយបន្តធ្វើឱ្យសេវាសុខាភិបាលកាន់តែល្អប្រសើរឡើងជារៀងរាល់ថ្ងៃ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា អគារអាចជួសជុលបានក្នុងរយៈពេលខ្លី ប៉ុន្តែការផ្លាស់ប្តូរផ្នត់គំនិត ការកសាងជំនឿទុកចិត្តឡើងវិញ និងការផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ គឺជាសមិទ្ធផលដែលមានតម្លៃធំធេងជាងនេះ។ ថ្ងៃនេះ មិនត្រឹមតែបានឃើញ មណ្ឌលសុខភាពមួយដែលប្រសើរឡើង ប៉ុណ្ណោះទេ។ប៉ុន្តែបានឃើញថា ការធ្វើកំណែទំរង់ពិតប្រាកដ អាចកើតមានឡើងបាន នៅពេលយើងមានឆន្ទៈរួមគ្នា៕