នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ និងជាប្រធានក្រុមសេនាតេជោសន្តិភាព រួមជាមួយឯកឧត្តមបណ្ឌិត សាន សុខសីហា ជំនួយការសម្តេចតេជោ ព្រមទាំងក្រុមការងារ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនដល់កងកម្លាំងជួរមុខនៅទិសទី២ អន្លង់វែង និងជាំស្រងាំ ក្នុងខេត្តឧត្តរមានជ័យ។
ការនាំយកអំណោយនេះធ្វើឡើងតាមប្រសាសន៍ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាដើម្បីចូលរួមចំណែកជួយដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារជាតិនៅតាមបណ្តោយព្រំដែន។ អំណោយដែលបាននាំយកទៅជូនរួមមានទឹកបរិសុទ្ធកម្ពុជាចំនួន ៣០០០ កេស។
ក្នុងឱកាសនោះដែរ ឯកឧត្តម កែវ ផុង បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចគត្តិបណ្ឌិត ព្រមទាំងសម្តេចមហាបវធិបតី និងលោកជំទាវបណ្ឌិត សួរសុខទុក្ខដល់កងកម្លាំងទាំងអស់ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ដេីម្បីការពារជាតិ និងប្រជាជន។ សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ជាប្រចាំដល់សុខទក្ខរបស់វីរកងទ័ពទាំងអស់ ជាពិសេសសម្តេចតែងតែណែនាំដល់មន្ត្រីទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ដល់អតីតយុទ្ធជន កងទ័ពជួរមុខ ក្រុមគ្រួសារកងទ័ព ជនភៀសសឹក។ល។
ឯកឧត្តម កែវ ផុង បានសម្តែងការគោរពដឹងគុណការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពវីរកងទ័ពនិងការលះបង់គ្រប់បែបយ៉ាងដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃកម្ពុជា ពីការរំលោភឈ្លានពានរបស់កងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ជាកិច្ចបញ្ចប់ឯកឧត្តម កែវ ផុង ក៏បានជូនពរឱ្យវីរកងទ័ព និងវីរនគរបាលទាំងអស់ មានសុខភាពល្អ កម្លាំងមាំមួន ដើម្បីបន្តបេសកកម្មការពារប្រទេសជាតិរបស់យើង៕








































