ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ដឹកនាំកិច្ចប្រជុំពិភាក្សាលេខាធិការដ្ឋានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា


នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា លេខាធិការដ្ឋានគណៈចលនាសាសនិកឥស្លាម នៅទីស្នាក់ការកណ្តាលគណៈចលនាសាសនិកឥស្លាម វិមាន៧មករា។

កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន អនុប្រធាន លោក លោកស្រី ដែលជាសមាជិក សមាជិកា លេខាធិការដ្ឋានជាច្រើនរូប ក្នុងគោលបំណងបូកសរុប និងពិនិត្យឡើងវិញនូវលទ្ធផលការងារ ព្រមទាំងវឌ្ឍនភាពដែលលេខាធិការដ្ឋានសម្រេចបាននាពេលកន្លងមកក្នុងសហគមន៍ឥស្លាមកម្ពុជា។ អង្គប្រជុំ ក៏បានពិភាក្សា និងស្វែងរកដំណោះស្រាយ លើបញ្ហាប្រឈមនានា ដើម្បីឲ្យសកម្មភាពលេខាធិការដ្ឋានឲ្យកាន់តែរឹងមាំបន្ថែមទៀត។

សូមជម្រាបថា គណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា មានភារកិច្ចធ្វើជាសេនាធិការឲ្យគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ តាមការផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមកដល់ពេលនេះ មានរយៈពេលជាង២៨ឆ្នាំហើយ។

កន្លងមក គណៈចលនាសាសនិកឥស្លាម បានបំពេញភារៈកិច្ច តាមការដឹកនាំ-ចង្អុលបង្ហាញពីសម្ដេចតេជោរៀងតមក ដោយទទួលបាននូវជោគជ័យជាបន្តបន្ទាប់ជូនគណបក្សប្រជាជន គឺសម្លេងឆ្នោតឥស្លាមបានគាំទ្រសម្ដេចតេជោ គណបក្ស និងរាជរដ្ឋាភិបាលដោយឥតងាករេ ដោយសម្លេងគាំទ្រយ៉ាងច្រើនលើសលប់ នៅគ្រប់តំបន់ដែលមានបងប្អូនឥស្លាមរស់នៅ៕