ឯកឧត្តម សុខ សូកាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគិរីវង់ ខេត្តតាកែវ នៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A ចំនួន ១១នាក់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦។
ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកគិរីវង់ ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក អភិបាលរងស្រុក នាយកស្តីទី ប្រធានការិយាល័យអប់រំ នាយកវិទ្យាល័យនានា សិស្សានុសិស្សជ័យលាភី និងអាណាព្យាបាលសិស្សចំនួន ៣០នាក់។
ដើម្បីជាការលើកទឹកចិត្តដល់សិស្សឆ្នើមទាំង ១១នាក់ ឯកឧត្តម សុខ សូកាន បានឧបត្ថម្ភកុំព្យូទ័រយួរដៃ ០១គ្រឿង និងថវិកា ១,០០០,០០០រៀល សម្រាប់សិស្សម្នាក់ៗ។ ការឧបត្ថម្ភនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារចំពោះការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។
គិតចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ស្រុកគិរីវង់បានកត់ត្រានូវកំណើនសិស្សនិទ្ទេស A សរុបចំនួន ៤៣នាក់ (ស្រី ២០នាក់) ដែលជាសញ្ញាណវិជ្ជមានមួយបង្ហាញពីការរីកចម្រើននៃវិស័យអប់រំក្នុងតំបន់។
សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ស្រុកគិរីវង់ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ៩១៨នាក់ (ស្រី ៥១៧នាក់) ហើយទទួលបានលទ្ធផលជាប់ ៧៦៥នាក់ (ស្រី ៤៥៣នាក់) ស្មើនឹង ៨៣.៣៣%។ ក្នុងចំណោមអ្នកជាប់ទាំងអស់ មានសិស្សានុសិស្សចំនួន ១១នាក់ (ស្រី ០៥នាក់) ទទួលបាននិទ្ទេស A។ ក្នុងនោះ វិទ្យាល័យសុខ អាន ទន្លាប់ ទទួលបាន ៥នាក់ (ស្រី ១នាក់) វិទ្យាល័យគិរីវង់ ទទួលបាន ៥នាក់ (ស្រី ៤នាក់) និងវិទ្យាល័យសុខ អាន សូបិណ ទទួលបាន ១នាក់៕

















