សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាកសាងសាលារៀន ១ខ្នង នៅបឋមសិក្សាតានូ ដើម្បើចូលរួមចំណែកលើកកម្ពស់គុណភាព​អប់រំ​នៅ​មូលដ្ឋាន


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងសាលារៀន ១ខ្នង ៤បន្ទប់ នៅបឋមសិក្សាតានូ ស្ថិតក្នុងឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្នុងពិធីនោះក៏បានការអញ្ជើញចូលរួមពី សំណាក់លោក លោកស្រីសមាជិក សមាជិកា ព្រឹទ្ធសភា, រដ្ឋសភា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា, ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងលោកស្រី, តំណាងលោក ជួង​ ស៊ីស៊ីង ប្រធានតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គារីសស, សប្បុរសជននានាក្នុងសមាគមសហគ្រាសវិនិយោគនៅកម្ពុជា លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងក្រុមជាងសាងសង់ ប្រមាណ១០០នាក់។

ពិធីក្រុងពាលីបញ្ចុះបឋមសិលាបានដំណើរការទៅតាមកម្មវិធី ដែលបានគ្រោងទុក្ខ ដោយមានការអុជធូប និងបួងសួងសុំនូវសេចក្តីសុខសប្បាយពីម្ចាស់ទឹកម្ចាស់ដី ថ្វាយគ្រឿងសក្ការ បូជា ដើម្បីឲ្យការសាងសង់ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ និងសុខសុវត្ថិភាព។

តាមរយៈ អគារសិក្សានេះនឹងជួយឱ្យសិស្សានុសិស្សមានថ្នាក់រៀនគ្រប់គ្រាន់ បន្ថយចំនួនសិស្សក្នុងមួយថ្នាក់ ធ្វើឱ្យបរិយាកាសសិក្សាមានភាពល្អប្រសើរ។ មួយវិញទៀត បានជួយលើកកម្ពស់គុណភាពអប់រំ ដោយសារតែសិស្ស និងគ្រូមានទំហំកន្លែង គ្រប់គ្រាន់ ដែលជួយសម្រួលដល់ការបង្រៀន និងការរៀនសូត្រឱ្យកាន់តែមានប្រសិទ្ធភាព ផ្តល់ឱកាសឱ្យកុមារ និងយុវជននៅក្នុងសហគមន៍បានចូលរៀនគ្រប់ៗគ្នា ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជំនាញ និងចំណេះដឹងសម្រាប់អនាគត។

ក្នុងពិធីនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានឧបត្ថម្ភដល់ក្រុមជាង ក្នុងម្នាក់ៗ ៥ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ៨ម៉ឺនរៀល និងប្រជាពលរដ្ឋ ២ម៉ឺនរៀល៕