កិច្ចប្រជុំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជាដែលត្រូវបំពេញទស្សនកិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន


នារសៀលថ្ងៃអាទិត្យទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានទី១ គណៈទាក់ទងការបរទេសនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជាចំនួន៥០រូប ដែលនឹងត្រូវបំពេញទស្សនកិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន គឺនៅរដ្ឋធានីប៉េកាំង តំបន់ស្វយ័តគ័ងស៊ី និងខេត្តសានតុង រយ:ពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានប្រតិភូ ក៏បានលើកសង្ខេបជូនខ្លីៗអំពីប្រវត្តិនៃទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជា- ចិន ក៏ដូចជាបទពិសោធន៍មួយចំនួន ដែលជាធាតុចូលសំខាន់ៗជូនទៅសមាជិកប្រតិភូទាំងអស់ ដើម្បីងាយស្រួលឲ្យគណៈប្រតិភូត្រៀមខ្លួនធ្វើយ៉ាងណាឲ្យដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅដោយរលូន និងប្រកបទៅដោយផ្លែផ្កា។
ជាចុងក្រោយ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា តាមរយៈទស្សនកិច្ចមួយនេះ ឯកឧត្តម លោកជំទាវ ដែលជាសមាជិក សមាជិកានៃគណៈប្រតិភូនឹងព្យាយាមក្រេបយកបទពិសោធន៍សំខាន់ៗដែលពាក់ព័ន្ធទៅនឹងវិស័យរបស់ខ្លួន យកមកសិក្សាស្រាវជ្រាវ កែសម្រួល និងពង្រីកបន្ថែម ដើម្បីយកមកអនុវត្តជាក់ស្ដែងឲ្យសមស្របទៅនឹងតម្រូវការនៃស្ថានភាពបច្ចុប្បន្នរបស់ប្រជាជន និងប្រជាជាតិកម្ពុជា។