អភិបាលខេត្តពោធិ៍សាត់ ជំរុញដល់លោកគ្រូ អ្នកគ្រូ វិទ្យាល័យបាកាន ឱ្យពង្រឹងគុណភាពអប់រំ និងដោះស្រាយបញ្ហាសិស្សបោះបង់ការសិក្សា ឱ្យដល់ឫសគល់


ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានណែនាំ និងជំរុញយ៉ាងម៉ឺងម៉ាត់ដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យបាកាន ត្រូវខិតខំប្រឹងប្រែងពង្រឹងគុណភាពនៃការអប់រំ និងយកចិត្តទុកដាក់តាមដាន ស្រាវជ្រាវ រកឫសគល់នៃបញ្ហាសិស្សបោះបង់ការសិក្សា ដើម្បីស្វែងរកដំណោះស្រាយជួយពួកគាត់ឱ្យបានទាន់ពេលវេលា។

ការថ្លែងជំរុញបែបនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែល ឯកឧត្តម ខូយ រីដា អញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យបាកាន ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញខេត្តជាច្រើនរូប។

នៅក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមអភិបាលខេត្ត បានចែករំលែកបទពិសោធផ្ទាល់ខ្លួនថា ការដែលឯកឧត្តមមានឱកាសបានមកកាន់មុខតំណែង ជាថ្នាក់ដឹកនាំខេត្តនាពេលនេះ គឺផ្តើមចេញពីដើមចម នៃការធ្វើជា «គ្រូបង្រៀន»។ កត្តានេះហើយ ទើបលោកតែងតែផ្តល់អាទិភាព និងយកចិត្តទុកដាក់ខ្ពស់បំផុត លើវិស័យអប់រំ ក៏ដូចជាកិត្តិយស និងជីវភាពរបស់លោកគ្រូ អ្នកគ្រូគ្រប់រូប។

ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងអាណត្តិដឹកនាំខេត្តជិត៤ឆ្នាំកន្លងមកនេះ ឯកឧត្តមបានខិតខំប្រឹងប្រែងប្រែមុខប្រែមាត់ខេត្តពោធិ៍សាត់ ឱ្យមានការរីកចម្រើនជាវិជ្ជមាន ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន លើកិច្ចការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ ការសម្អាតអនាម័យបរិស្ថាន និងជាពិសេសការដោះស្រាយបញ្ហាសំរាម ក្នុងទីប្រជុំជន និងសហគមន៍។

ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ ត្រូវរក្សា និងបង្កើនស្មារតីសាមគ្គីភាព រួបរួមសហការគ្នាឱ្យបានល្អប្រកបដោយបរិយាបន្ននៅក្នុងគ្រឹះស្ថានសិក្សា ដើម្បីបង្កើតបរិយាកាសការងារ និងការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព។ សូមលោកគ្រូ អ្នកគ្រូទាំងអស់ ខិតខំប្រឹងប្រែងផ្ទេរចំណេះដឹង បំនិន និងបទពិសោធន៍ ជូនដល់សិស្សានុសិស្សឱ្យអស់ពីលទ្ធភាព និងអស់ពីបេះដូង ដើម្បីកសាងធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ខេត្ត និងប្រទេសជាតិ។

ចំពោះបញ្ហាសិស្សបោះបង់ការសិក្សា គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ ត្រូវយកចិត្តទុកដាក់តាមដាន និងស្រាវជ្រាវឱ្យបានស៊ីជម្រៅ ថាពួកគេជួបការលំបាកដោយសារកត្តាគ្រួសារ ជីវភាព ឬកត្តាផ្សេងៗទៀត ដើម្បីស្វែងរកដំណោះស្រាយជួយសម្រួលឱ្យពួកគេ បានត្រឡប់មកក្រេបយកចំណេះដឹងវិញ។

ជាមួយគ្នានោះ ត្រូវបន្តអប់រំ និងបណ្តុះស្មារតីសិស្សានុសិស្ស ឱ្យស្រឡាញ់អនាម័យ បរិស្ថាន និងការគ្រប់គ្រងសំរាមទាំងនៅក្នុងសាលារៀន និងក្នុងសហគមន៍ឱ្យបានស្អាតបាតជាប្រចាំ ជាពិសេសត្រូវយកចិត្តទុកដាក់រៀបចំ សម្អាត និងថែរក្សាបន្ទប់ទឹក ឬបង្គន់អនាម័យក្នុងសាលារៀនឱ្យបានល្អប្រសើរ ដើម្បីធានាបាននូវសុខមាលភាពជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់៕