ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសមពីសំណាក់យុវជនជប៉ុនចំនួន៣១រូប ដែលនឹងចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) និងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានឲ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តម ជុំ សុន្ទរី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះយុវជនជប៉ុនទាំងអស់ និងបានសម្តែងការកោតសរសើរចំពោះការិយាល័យគណៈរដ្ឋមន្ត្រីជប៉ុន និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានបន្តរៀបចំកម្មវិធី SSEAYP ដើម្បីលើកកម្ពស់មិត្តភាព ការយោគយល់គ្នាទៅវិញទៅមក និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនរវាងជប៉ុន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។
ក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បានជម្រាបជូនយុវជនជប៉ុនអំពីចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងជប៉ុន ព្រមទាំងបានគូសបញ្ជាក់ពីការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងទ្វេភាគីលើវិស័យជាច្រើន រួមមាន ពាណិជ្ជកម្ម និងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ អប់រំ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
ឯកឧត្តម ជុំ សុន្ទរី បានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់របស់យុវជន ក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរឹងមាំ។ លោកបានលើកឡើងថា មិត្តភាពរវាងប្រទេស និងប្រទេស មិនត្រឹមតែត្រូវបានកសាងឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានពង្រឹងតាមរយៈទំនាក់ទំនង និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។
ដោយសំដៅដល់ដំណើរទស្សនកិច្ចរបស់យុវជនជប៉ុនទៅកាន់ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ នៅខែមករា ឆ្នាំ២០២៧ លោកឯកអគ្គរាជទូត បានលើកទឹកចិត្តឱ្យពួកគេឆ្លៀតយកឱកាសនេះ ស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រ បេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍរបស់កម្ពុជានាពេលបច្ចុប្បន្ន ព្រមទាំងកសាងចំណងមិត្តភាពដែលអាចបន្តយូរអង្វែងក្រោយបញ្ចប់កម្មវិធី។
លោកក៏បានសម្តែងក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់យុវជនជប៉ុននៅកម្ពុជានាពេលខាងមុខ នឹងផ្តល់នូវបទពិសោធន៍ដ៏មានអត្ថន័យ និងអនុស្សាវរីយ៍ល្អៗដែលមិនអាចបំភ្លេចបាន។
ជំនួបសម្តែងការគួរសមនេះ បានបញ្ចប់ក្នុងបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាល ដែលឆ្លុះបញ្ចាំងពីសារៈសំខាន់ដែលកម្ពុជា និងជប៉ុន ផ្តល់ចំពោះការផ្លាស់ប្តូរយុវជន និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងយូរអង្វែងនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ៕











