ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិធនាគារ alrajhi ម៉ាឡេស៉ី ដើម្បីជំរុញការបង្កើតធនាគារបែបឥស្លាមនៅកម្ពុជា


នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារជាមួយ លោក Mohd Syahrul Ishak នាយកប្រតិបត្តិធនាគារ alrajhi ម៉ាឡេស៉ី នៅទីក្រុងគូឡាឡាំពួ ក្នុងឱកាសលោកទេសរដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលហាឡាលសាកលឆ្នាំ២០២៦ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ។

ជំនួបពិភាក្សានេះ ផ្តោតសំខាន់លើការសិក្សាលទ្ធភាព និងការស្វែងរកកិច្ចសហប្រតិបត្តិការក្នុងការបង្កើតសេវាហិរញ្ញវត្ថុឥស្លាម (Islamic Finance) ដំបូងគេនៅកម្ពុជា ដើម្បីគាំទ្រដល់ការប្រកបអាជីវកម្មរបស់សហគមន៍ឥស្លាម និងជំរុញការអភិវឌ្ឍឧស្សាហកម្មហាឡាល នៅកម្ពុជាផងដែរ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រីបានជម្រាប នាយកប្រតិបត្តិធនាគារ alrajhi ម៉ាឡេស៉ី ថា សាសនិកឥស្លាមនៅកម្ពុជាមានប្រហែល ៥% នៃប្រជាជនសរុប ដែលភាគច្រើនប្រកបរបរកសិកម្ម និងធ្វើអាជីវកម្មផ្សេងៗទៀត ហើយកំពុងជួបប្រឈមនឹងការខ្វះខាតប្រភពទុនស្របតាមគោលការណ៍សាសនា (Shariah Compliant)។

ក្នុងន័យនេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានស្នើឲ្យធនាគារ alrajhi ម៉ាឡេស៉ី ពិចារណាលើឱកាសវិនិយោគនៅកម្ពុជា ដោយអាចចាប់ផ្តើមតាមរយៈការបើកជា បង្អួចសេវាឥស្លាម ដោយសហការជាមួយធនាគារពាណិជ្ជក្នុងស្រុក ឬការស្នើសុំអាជ្ញាប័ណ្ណប្រតិបត្តិការផ្ទាល់។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ពីការត្រៀមលក្ខណៈសម្របសម្រួល ជាមួយរាជរដ្ឋាភិបាល និងធនាគារជាតិ នៃកម្ពុជាផងដែរ ដើម្បីគាំទ្រដល់ដំណើរការនៃប្រព័ន្ធហិរញ្ញវត្ថុឥស្លាមនេះ។

លោកទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញភាគីធនាគារ alrajhi ម៉ាឡេស៉ី ឱ្យបញ្ជូនក្រុមការងារបច្ចេកទេសមកធ្វើទស្សនកិច្ច និងសិក្សាអំពីប្រព័ន្ធធនាគារ ដោយផ្ទាល់នៅកម្ពុជាផងដែរ។

ជាការឆ្លើយតប ភាគីធនាគារ alrajhi ម៉ាឡេស៉ី បានរីករាយទទួលយកការអញ្ជើញ និងបានបញ្ជាក់ពីបំណងក្នុងការបញ្ជូនក្រុមការងារមកធ្វើទស្សនកិច្ចសិក្សាផ្ទាល់នៅកម្ពុជា នាពេលខាងមុខ ដើម្បីប្រមូលព័ត៌មានជាក់ស្តែង និងពិភាក្សាលម្អិតបន្ថែមជាមួយភាគីពាក់ព័ន្ធ ក្នុងទិសដៅឈានទៅបង្កើតសេវាហិរញ្ញវត្ថុឥស្លាមនៅកម្ពុជា។

សូមជម្រាបថា ធនាគារ alrajhi ម៉ាឡេស៉ី បានបើកដំណើរការជាផ្លូវការនៅម៉ាឡេស៉ី ក្នុងឆ្នាំ២០០៦ ដែលជាស្ថាប័នហិរញ្ញវត្ថុឥស្លាមដ៏ធំ និងឈានមុខគេមួយនៅប្រទេសម៉ាឡេស៊ី និងជាបុត្រសម្ព័ន្ធរបស់ធនាគារ alrajhi អារ៉ាប៊ីសាអូឌីត ដែលជាធនាគារឥស្លាមធំមួយ ក្នុងចំណោមធនាគារធំៗនៅលើពិភពលោក ហើយជាធនាគារឥស្លាមមកពីតំបន់អារ៉ាប់ដំបូងគេនៅអាស៊ីអាគ្នេយ៍។ ធនាគារនេះ ប្រតិបត្តិការលើសេវាហិរញ្ញវត្ថុបុគ្គល ក្រុមហ៊ុន និងធនាគារឌីជីថល ស្របតាមគោលការណ៍ឥស្លាម ១០០% (គ្មានការប្រាក់/Riba)៕