ភ្នំពេញ៖ ផ្សារមូលបត្រកម្ពុជា ឬផ្សារហ៊ុនបានចាប់ផ្តើមបោះផ្សាយលក់មូលបត្រ ឬសញ្ញាប័ណ្ណជាលើកដំបូងនៅកម្ពុជា តាមរយៈគ្រឹស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លីមីតធីត ដែលបានប្រកាសដាក់លក់មូលបត្របំណុលក្នុងទំហំទឹកប្រាក់រហូតដល់ ១២០ពាន់លានរៀល ទៅកាន់អ្នកវិនិយោគគោលដៅ។
អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លីមីតធីត លោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ក្នុងកម្មវិធីបើកសម្ពោធការបោះផ្សាយជាសាធារណៈលក់សញ្ញាបណ្ណនាព្រឹកថ្ងៃទី១៧ តុលានេះថា ការបោះផ្សាយសញ្ញាបណ្ណជាលើកដំបូងនេះ ទទួលបានជោគជ័យជាខ្លាំង ដោយមានតម្រូវការទិញពីគ្រិះស្ថានហិរញ្ញវត្ថុលំដាប់អន្តរជាតិ ឈ្មោះ International Finance Corporation ក្នុងទំហំទឹកប្រាក់៨០ពាន់លៀនរៀល និងតម្រូវការទិញពីធនាគារវឌ្ឍនៈក្នុងទំហំទឹកប្រាក់ ២០ពាន់លានរៀលផងដែរ ហើយអ្នកទិញសញ្ញាបណ្ណបំណុលទាំងនេះ អាចដាក់លក់បន្តក្នុងទីផ្សារមូលបត្រកម្ពុជា ដោយមួយសញ្ញាបណ្ណមានតម្លៃ ១០ម៉ឺនរៀល។
លោកបន្តថា “ការបោះផ្សាយលក់មូលបត្របំណុល របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករនាពេលនេះ គឺជាវត្តមានអាជីកម្មដំបូងបំផុតនៅក្នុងទីផ្សារមូលបត្រកម្ពុជា ព្រោះកន្លងមានត្រឹមតែការដាក់លក់ភាគហ៊ុនប៉ុណ្ណោះ។ លោកបន្តថា “ការបោះផ្សាយមូលត្របំណុលនាពេលនេះ គ្រឹះស្ថានមីក្រូវហិរញ្ញវត្ថុនឹងផ្ដល់ជូនការប្រាក់ដល់អ្នកទិញ ក្នុងអត្រា ៨,៥ ភាគរយក្នុងមួយឆ្នាំ។
លោកហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានលើកឡើងថា ការបោះផ្សាយសញ្ញាបណ្ណបំណុលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ ជាឱកាសល្អសម្រាប់ការធ្វើវិនិយោគ ដោយវាផ្ដល់មកវិញនូវអាត្រាការប្រាក់ខ្ពស់ តែមានអត្រាហានីភ័យទាប ក៏ដូចជារួមចំណែកជាមួយគ្រឺះស្ថានក្នុងការពង្រីកអាជីវកម្ម ផ្ដល់ប្រាក់កម្ចីជួយដល់ប្រជាជនត្រូវការហិរញ្ញវត្ថុកាន់តែច្រើន។
មូលបត្របំណុលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លីមីតធីត នឹងអាចដាក់លក់បន្តក្នុងទីផ្សារមូលបត្រកម្ពុជា នៅពេលដែលគ្រឺស្ថានបានចុះបញ្ជីនៅក្នុងទីផ្សារមូលបត្រកម្ពុជា ជាផ្លូវការនៅចុងឆ្នាំ២០១៨នេះ៕