ឯកឧត្តម ឯ វុឌ្ឍី បានដឹកនាំគណៈប្រតិភូកម្ពុជាចំនួន១៤នាក់​ ចូលរួមវេទិកាអាស៊ីប៉ាស៊ីហ្វិកលើកទី៦ ស្តីពីការបន្សុំានឹងការប្រែប្រួលអាកាសធាតុ


នៅថ្ងៃពុធ ៨កើត​ ដល់ថ្ងៃសុក្រ​ ១០កើត ខែអស្សុជ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន។ ឯកឧត្តម ឯ វុឌ្ឍី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាពបាននឹងកំពុងដឹកនាំគណៈប្រតិភូកម្ពុជាចំនួន១៤នាក់​ មកពីនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងស្ថាប័នពាក់ព័ន្ធចំនួន០៩រួមមាន៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកិច្ចការនារី ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងផែនការ ក្រសួងអប់រំ យុវជននិងកីឡា និងគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(NCDD) ដែលកំពុងអនុវត្តគម្រោងវិនិយោគក្រោមកម្មវិធីយុទ្ធសាស្រ្តសម្រាប់ភាពធន់នឹងអាកាសធាតុ (SPCR) និងគម្រោងការបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងការរៀបចំផែនការអភិវឌ្ឍ ដោយមានការគាំទ្រថវិកាពីមូលនិធិវិនិយោគអាកាសធាតុតាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី ចូលរួមវេទិកាអាស៊ីប៉ាស៊ីហ្វិកលើកទី៦ ស្តីពីការបន្សុំានឹងការប្រែប្រួលអាកាសធាតុ ដែលសហការរៀបចំដោយ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) UNDP និងលេខាធិការដ្ឋាននៃអនុសញ្ញា អង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) វេទិកានោះផងដែរមានសមាជិកចូលរួមប្រមាណជាង១០០០នាក់ មកពីប្រទេសចំនួន៦០ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច​ និងតំបន់អាហ្រិ្វក។វេទិការនេះផ្តោតជាសំខាន់លើការរៀនសូត្រពីការអនុវត្តសកម្មភាពឆ្ពោះទៅការអភិវឌ្ឍភាពធន់នឹងអាកាសធាតុសម្រាប់វិធីសាស្រ្តលើការអនុវត្តបន្ស៊ាំលើធម្មជាតិ មនុស្ស សេដ្ឋកិច្ច និងប្រព័ន្ធវិស្វកម្ម ជាពិសេសចែករំលែកចំណេះដឹង និងបទពិសោធន៍ ពីគ្នាទៅវិញទៅមកជុំវិញការរៀបចំគោលនយោបាយ និងការអនុវត្ត (រួមទាំងការច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មីៗក្នុងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ) និងការគាំទ្រថវិកាសម្រាប់ការកសាងភាពធន់នឹងអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយ។ ទាំងនេះរួមបញ្ចូលវិធីសាស្ត្រចុងក្រោយ ឧបករណ៍ ទិន្នន័យ និងព័ត៌មានសំខាន់ៗសម្រាប់កំណត់ វាយតម្លៃ និងវិធានការដែលអាចអនុវត្តបានដើម្បីបញ្ជ្រាបការបន្សុំា និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយពីការប្រែប្រួលអាកាសធាតុ៕