ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ចូលរួមសន្និសីទទ្រព្យគរុភណ្ឌឥស្លាមសាកលលើកទី៦ ឆ្នាំ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ


បាងកក៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានដឹកនាំគណៈប្រតិភូ ចូលរួមសន្និសីទទ្រព្យគរុភណ្ឌឥស្លាមសាកលលើកទី៦ ឆ្នាំ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ។

សន្និសីទនេះ រៀបចំឡើងដោយ ក្រុមប្រឹក្សាកណ្តាលឥស្លាមថៃ(CICOT) សាកលវិទ្យាល័យអន្តរជាតិម៉ាឡេស៊ី Al-Madinah សាកលវិទ្យាល័យថៃជុឡាឡុងកន មូលនិធិឥស្លាមថៃ សាកលវិទ្យាល័យឥស្លាមអន្តរជាតិម៉ាឡេស៊ី ស្ថាប័ន UNIRAZAK ម៉ាឡេស៊ី និង Pekan Bau ឥណ្ឌូនែស៊ី នៅសណ្ឋាគារ Al Meroz វិថី​ Ramkhamhaeng ទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី១៩ ដល់ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។

ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានលើកឡើងថា ប្រធានបទនៃសន្និសីទនេះគឺ កំណែទម្រង់ទ្រព្យគរុភណ្ឌសាសនាសម្រាប់ការវិវត្តវិស័យឧស្សាហកម្មលើកទី៤។ សន្និសីទនេះនឹងផ្តល់ឱកាសដល់អង្គសន្និសីទដែលមកពីតំបន់ និងវិស័យខុសៗគ្នានៃប្រទេសផ្សេងៗគ្នា មកចែករំលែកបទពិសោធន៍ទាក់ទងនឹងការកែទម្រង់ប្រព័ន្ធទ្រព្យគរុភណ្ឌសាសនាទាំងមូល ឲ្យទៅជាផែនការយុទ្ធសាស្ត្រដែលបញ្ជ្រាបទ្រព្យគរុភណ្ឌ សម្រាប់ជួយដល់សុខុមាលភាពសង្គមមុស្លិមដែលជាកម្លាំងនាំដល់ដំណើរការវិវត្តវិស័យឧស្សាហកម្មលើកទី៤។

គោលបំណងរួមនៃការបង្កើត វិថីអភិវឌ្ឍន៍ទ្រព្យគរុភណ្ឌឥស្លាមពិភពលោក គឺជំរុញផ្លាស់ប្តូរការបញ្ជ្រាបសេដ្ឋកិច្ច និងសង្គម ជាមួយសេដ្ឋកិច្ចសាកល ទៅក្នុងសម័យកាលថ្មីនៃវិបុលភាព សុភមង្គល និងអភិបាលកិច្ចយុត្តិធម៌ សមធម៌ ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរួម និងការចែករំលែកទៅក្នុងសង្គម៕