ប្រជាពលរដ្ឋក្រីក្រ១៦គ្រួសារ ក្នុងស្រុកអូររាំងឪ ទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា


(ត្បូងឃ្មុំ)៖ លោកជំទាវ ឡេង សុខា អភិបាលរងខេត្តត្បូងឃ្មុំ និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត រួមជាមួយ ឯកឧត្តម រស់ សុខន នាយករងប្រតិបត្តិ សាខាកាកបាទក្រហមខេត្ត ថ្នាក់ដឹកនាំអនុសាខាកាកបាទក្រហមស្រុកអូររាំងឪ ព្រមទាំងឯកឧត្តម ងួន បុណ្ណាន អភិបាលស្រុក មន្ត្រីរាជការស្រុក ឃុំ ភូមិ បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា យកទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន​១៦គ្រួសារ មកពី៥ភូមិ ក្នុងឃុំដំរិល ស្រុកអូររាំងឪ នៅសាលាឃុំដំរិល នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្នុងឱកាសនោះ លោកជំទាវ ឡេង សុខា បាននាំការផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោលនោះឡើយ»។

លោកជំទាវបន្តថា គ្រឿងឧបភោគបរិភោគ ក៏ដូចជាថវិកា ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បាននាំយកមកឧបត្ថម្ភជូន ប្រជាពលរដ្ឋក្រីក្រ១៦គ្រួសារនាពេលនេះ អាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បានមួយគ្រា ដែលជាទឹកចិត្តសប្បុរសធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ជាមួយគ្នានេះ លោកជំទាវអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាត្រូវសម្រាកក្នុងមុងសុវត្ថិភាពជានិច្ច ចៀសវាងកើតជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺឆ្លងផ្សេងៗ ត្រូវមានអនាម័យក្នុងការរស់នៅ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីសុខភាពល្អទាំងអស់គ្នា។

អំណោយដែលចែកជូនក្នុងឱកាសនោះ មួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកស៊ីវអ៊ីវ១យួរ, ទឹកត្រី១យួរ, ទឹកសុទ្ធ២យួរ, អំបិល១គីឡូក្រាម, មុងមួយ និងថវិការ៣ម៉ឺនរៀល៕