រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីបង្សុកូលរាប់បាត្រ ជូនវិញ្ញាណក្ខន្ធជនរងគ្រោះស្លាប់នៅកោះពេជ្រ កាលពី៨ឆ្នាំមុនចំនួន៣៥៣នាក់


រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានរៀបចំពិធីសូត្រមន្ត បង្សុកូលរាប់បាត្រ ដោយមានការចូលរួមពី ឯកឧត្តម ស៊ុយ សារិទ្ធ​ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានី។

ក្នុងនោះក៏មានការចូលរួមពី ​ឯកឧត្តម ​លោកជំទាវ ជាអភិបាលរងរាជធានី អភិបាល និងអភិបាលរងខណ្ឌទំាង១២ លោក និងលោកស្រីប្រធាន និងអនុប្រធានមន្ទីរនានា មន្ត្រីរាជការសាលារាជធានី និងក្រុមគ្រួសារជនរងគ្រោះព្រមទំាងប្រជាពលរដ្ឋជាច្រើននាក់ទៀត។

ពិធីនៅព្រឹកនេះ ក៏មានការ​ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ នៅស្ដូបក្បែរស្ពាននាគនៃទីក្រុងកោះពេជ្រ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបាត់បង់ជីវិតដោយហេតុការណ៍រត់ជាន់គ្នានៅលើស្ពានពេជ្រកាលពី៨ឆ្នំាមុន។

គួរបញ្ជាក់ថា កាលពីយប់​ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១០ ជាថ្ងៃបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក មានឧបទ្ទវហេតុ រត់ជាន់គ្នា នៅលើស្ពានពេជ្រ នៃតំបន់កោះពេជ្រ បណ្តាលឲ្យមនុស្ស​៣៥៣នាក់ ស្លាប់បាត់បង់ជីវិត និងជាង​៧០០នាក់ទៀត បានរងរបួសតាមរបាយការណ៍របស់សមត្ថកិច្ច៕​