ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីសំពះខែ អកអំបុក និងផ្សងទឹកភ្លៀង​


ព្រះករុណា​ ព្រះបាទ​សម្ដេច ​ព្រះបរមនាថ​ នរោត្ដម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​កម្ពុជា​ នា​យប់​ថ្ងៃ​ព្រហស្បតិ៍​ ១៥កើត​ ពេញបូណ៌មី​ ខែកក្ដិក​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានយាងជាព្រះរាជធិបតី ក្នុងព្រះរាជពិធីសំពះខែ អកអំបុក និងផ្សងទឹកភ្លៀង​។

យោងតាម Facebook មានឈ្មោះថា «ព្រះករុណា​ ព្រះបាទ​សម្ដេច ​ព្រះបរមនាថ​ នរោត្ដម​ សីហមុនី​ ព្រះចៅក្រុងកម្ពុជាធិបតី» ដែលតែងតែបង្ហោះព្រះរាជសកម្មភាពរបស់ទ្រង់បានឲ្យដឹងថា ការយាងជាព្រះរាជធិបតីរបស់ព្រះអង្គ ក្នុងព្រះរាជពិធីសំពះខែ អកអំបុក និងផ្សងទឹកភ្លៀង​ ត្រូវបានអមដោយព្រះ​រាជវង្សានុវង្ស​ នាម៉ឺនសព្វមុខមន្ត្រី គ្រប់ឋានានុក្រម​ ក្នុងព្រះបរមរាជវាំងផងដែរ។

ព្រះមហាក្សត្រនៃកម្ពុជា ព្រមទាំងព្រះ​រាជវង្សានុវង្ស​ នាម៉ឺនសព្វមុខមន្ត្រី គ្រប់ឋានានុក្រម​ ក្នុងព្រះបរមរាជវាំង សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក​ បពិត្រអស់ពពួកទេពនិករបវរទេវតា ទាំងមួយម៉ឺនលោកធាតុទេវតារក្សា​ព្រះ​មហាស្វេតឆ័ត្រ​ ព្រះ​មេត្តា​ប្រោះព្រំ​ប្រទាន​ពរជ័យ ដល់ព្រះរាជាណាចក្រ​កម្ពុជា​ សូមមានសុខសន្តិភាព​ និងសម្បូរសប្បាយរុងរឿងដល់ប្រជានុរាស្ត្រទូទាំងព្រះនគរ កុំបីឃ្លាតឡើយ។

សូមជម្រាបថា តាមប្រពៃណីទំនៀមទម្លាប់របស់ប្រជាជាតិខ្មែរ ជារៀងរាល់ឆ្នាំ នៅរាត្រីពេញបូណ៌មីថ្ងៃ១៥កើត ខែកក្តិក ប្រជាខេមរាប្រុសស្រីតែងតែប្រារព្ធពិធីសំពះព្រះខែ និងអកអំបុក នៅតាមទីវត្តអារាមទូទាំងប្រទេស ហើយនៅក្នុងឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករា ២៥៦២ ត្រូវនឹងគ្រិស្ដសករាជ ២០១៨នេះ ពិធីបុណ្យសំពះព្រះខែ និងអកអំបុក ប្រារព្ធធ្វើឡើងចំរាត្រីថ្ងៃទី២២ ខែវិច្ឆិកា (វេលាម៉ោង១២យប់រៀងរាល់ឆ្នាំ)។

បើតាមប្រពៃណីទំនៀមទម្លាប់របស់បុព្វបុរសខ្មែរ ពិធីនេះប្រារព្ធធ្វើឡើងដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនពីបារមីវត្ថុស័ក្តិសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សា ប្រជាពលរដ្ឋកម្ពុជា សូមឱ្យជួបប្រទះតែនឹងសុខសន្តិភាព និងដើម្បីរួមចំណែកថែរក្សាប្រពៃណីទំនៀមទម្លាប់ជាតិ ឱ្យនៅគង់វង្សតរៀងទៅផងដែរ។

ប្រវត្តិសង្ខេបនៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក បានតំណាលថា តាមគម្ពីរបរមត្ថទីបនី អដ្ឋកថា ចរិយាបិដក ភាសាបាលី មានចែងថា ក្នុងដើមភទ្ទកប្បនេះ ព្រះបរមពោធិសត្វនៃយើង ទ្រង់យកកំណើតជា សសបណ្ឌិត (សាក់សាក់ បណ្ឌិត) កំណើតជាទន្សោយ។ នៅថ្ងៃពេញបរមីមួយ សសបណ្ឌិត បានអធិដ្ឋានឧបោសថសីល ហើយឧទ្ទិសមំសៈជាទានបរិមត្ថបារមី ដើម្បីបំពេញពោធិសម្ភារៈឱ្យបានត្រាស់ដឹងជាព្រះពុទ្ធ។

ព្រះឥន្ទ្រទ្រង់ជ្រាបហេតុការណ៍នោះ ក៏ទ្រង់ក្រឡាខ្លួនជាព្រាហ្មណ៍ចាស់ មកសុំសសបណ្ឌិតជាអាហារ។ សសបណ្ឌិតពោធិសត្វ បានឱ្យព្រាហ្មណ៍ចាស់នោះបង្កាត់ភ្លើងភ្នក់ ហើយក្នុងពេលដែលភ្លើងកំពុងឆេះសន្ធោសន្ធៅ។ សសបណ្ឌិតក៏រលាស់ខ្លួន៣ដង ដើម្បីឱ្យសត្វល្អិតដែលជាប់នៅនឹងរោមជ្រុះចេញ រួចក៏លោតចូលទៅក្នុងភ្នក់ភ្លើងភ្លាម។

អស្ចារ្យណាស់ ភ្លើងនោះពុំបានឆេះសសបណ្ឌិតសោះ ឥន្ទ្រព្រាហ្មណ៍បានស្ទុះទៅពរព្រះពោធិសត្វ ឡើងទៅដល់មណ្ឌលព្រះចន្ទ ហើយទ្រង់យកម្នាងសិលាគូររូបទន្សាយ ហើយឥន្ទ្រព្រាហ្មណ៍បានអធិដ្ឋានថា សូមឱ្យរូបទន្សាយពោធិសត្វ ដែលយើងគូរនេះ នៅជាប់រហូតដល់ទីបំផុតកប្ប។ ដោយអានុភាពទានបរមត្ថបារមី នៃព្រះពោធិសត្វផង និងសេចក្តីអធិដ្ឋានរបស់ព្រះឥន្ទ្រផង រូបទន្សាយក៏ឃើញប្រាកដក្នុងមណ្ឌលព្រះចន្ទ ដរាបដល់សព្វថ្ងៃ។

ដោយជឿតាមរឿងនេះផង ហើយរូបទន្សាយក៏ឃើញប្រាកដនៅវេលាយប់ពេញបូណ៌មី ខែកក្តិក រៀងរាល់ឆ្នាំងផង ប្រជានុរាស្ត្រខ្មែរតែងយកនំចំណី មានអំបុក ចេក ដូងជាដើម មកបូជាព្រះចន្ទតរៀងមក ទើបហៅថាពិធីនេះថា «ពិធីបុណ្យសំពះព្រះខែ និងអកអំបុក» តែម្តង៕