ឯកឧត្តម សុខ ឥសាន បានលើកឡើងថា គណបក្សណា ដែលឈ្នះឆ្នោត មានសិទ្ធិពេញទីក្នុងការ តែងតាំងតម្លើងឋានៈ នាទីមន្ត្រី របស់ខ្លួន


ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្ស ប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានលើកឡើងថា គណបក្សណា ដែលឈ្នះឆ្នោត មានសិទ្ធិពេញទីក្នុងការ តែងតាំងតម្លើងឋានៈ នាទីមន្ត្រី របស់ខ្លួន រួមទាំងពីក្នុងជួរយុវជនផង នៅតាមស្ថាប័ន ក្រសួង អង្គភាពរដ្ឋ ។

ការលើកឡើងរបស់ឯកឧត្តម សុខ ឥសាន នេះបន្ទាប់ពីវិទ្យុអាស៊ីសេរីបានចេញផ្សាយថា “សព្វថ្ងៃនេះ មន្ត្រីកំពូលៗ នៃគណបក្សកាន់អំណាច បានដាក់បញ្ចូលកូនៗ របស់ពួកគេទៅក្នុងប្រធាន និងអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចាប់តាំងពីនៅខេត្ត- រាជធានី រហូតដល់ស្រុក-ខណ្ឌ។ បន្ទាប់មកកូនចៅរបស់ពួកគេ ត្រូវបានតែងតាំងឲ្យកាន់ការងារសំខាន់ៗ ក្នុងជួររាជរដ្ឋាភិបាល និងស្ថាប័នរដ្ឋជាបន្តបន្ទាប់” ។

ឯកឧត្តម សុខ ឥសាន តាមរយៈបណ្តាញតេឡេក្រាមនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ការប្រកួតប្រជែងតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ គឺជាការប្រកួតប្រជែងរវាងគណបក្សនិងគណបក្ស ។
គណបក្សនីមួយៗ ខិតខំកសាងគុណសម្បត្តិនិងស្នាដៃរបស់ខ្លួន ស្របតាមច្បាប់និងលទ្ធភាពរបស់ខ្លួន រួមមានកម្មវិធីនយោបាយ ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងសកម្មភាពនយោបាយ ។

ឯកឧត្តមបន្តថា “នៅពេលណាគណបក្សណាឈ្នះឆ្នោត គណបក្សនយោបាយនោះមានសិទ្ធិពេញទីក្នុងការតែងតាំងតម្លើងឋានៈនាទីមន្ត្រីរបស់ខ្លួន រួមទាំងពីក្នុងជួរយុវជនផងនៅតាមស្ថាប័ន ក្រសួង អង្គភាពរដ្ឋ ដោយគ្មានជនណា ឬគណបក្សចាញ់ឆ្នោតណាមកទាមទារឬជំទាស់បានជាដាច់ខាត ហើយក៏មិនអាចចោទប្រកាន់ថា ជាការតែងតាំងបក្ខពួកនិយមបានដែរ” ៕