សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូន ឯកឧត្តម ឯកអគ្គរដ្ឋទូតឡាវចូលជួបសម្តែងការគួរសម


ព្រឹកថ្ងៃអង្គារ៍៥រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព .ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ០៩:០០នាទីព្រឹក នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម ឯកអគ្គរដ្ឋទូត ឡាវប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តមត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា។
សម្តេច ប្រធានព្រឹទ្ធសភា បានថ្លែងអបអរសាទរ ចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូត ប្រចាំកម្ពុជា។
សម្តេច ជឿជាក់ថា ឯកឧត្តម ឯកអគ្គរដ្ឋទូត នឹងរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស និង ប្រជាជនយើងទាំង២ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
ព្រឹទ្ធសភា ក្រសួង ស្ថាប័ននានា និងរូបសម្តេចផ្ទាល់ បានត្រៀមធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយឯកឧត្តម និងស្ថានទូតឡាវ ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងនិងសហប្រតិបត្តិការដ៏ល្អ រវាងប្រទេស និងប្រជាជនយើងទាំង២ ក៏ដូចជាស្ថាប័ននីតិប្បញ្ញត្តិយើងទាំង២ផងដែរ … ។
សម្តេច ប្រធានព្រឹទ្ធសភា ប្រសិទ្ធពរជូនឯកឧត្តម ឯកអគ្គរដ្ឋទូត និងសហការី មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុងឧត្តមរបស់ឯកឧត្តម៕