ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបន្ដផ្សព្វផ្សាយស្មារតី២ធ្នូ និងបន្ដចូលរួមថែរក្សាទាំងអស់គ្នា


ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានអំពាវនាវសមាជិក ស.ស.យ.ក ត្រូវបន្ដផ្សព្វផ្សាយស្មារតី២ធ្នូ និងបន្ដចូលរួមថែរក្សាទាំងអស់គ្នា ដើម្បីសម្រេចបានផលប្រយោជន៍ និងស្នាដៃមួយដើម្បីសង្គមជាតិរបស់យើង។

ការអំពាវនាវរបស់ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើឡើងនៅព្រឹក​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងកិច្ចពិគ្រោះយោបល់របស់ មហាសន្និបាតរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលនឹងបិទបញ្ចប់នារសៀល​នេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ។​

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះ «ខ្ញុំសូមសុំណូមពរឲ្យយើងបន្តថែរក្សា និងផ្សព្វផ្សាយនៃស្មារតី២ធ្នូ​របស់យើង ស្មារតី២ធ្នូ ដូចខ្ញុំបាននិយាយតាំងពីដើមទី យើងបានពិភាក្សាគ្នាហើយ គឺជាស្មារតីក្នុងការដាក់ផលប្រយោជន៍បុគ្គល បក្ខពួកដាក់ដោយឡែក ដើម្បីរួមគ្នាសម្រេចបានផលប្រយោជន៍ និងស្នាដៃមួយ ដើម្បីសង្គមជាតិរបស់យើង»

ប្រធានសហភាពសហ​ព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ទៀតថា ស្មារតី២ធ្នូនេះហើយ ដែលអាចឲ្យរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ជាពិសេសសម្តេចទាំងបី គឺសម្តេច ហេង សំរិន សម្តេច ជា ស៊ីម និងសម្តេចតេជោ ហ៊ុន សែន និងកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជា អាចរំដោះ​កម្ពុជា​ចេញពី របបប្រល័យពូជសាសន៍ ប៉ុល ពត ខ្មែរក្រហមបាន។ ដូច្នេះ​ត្រូវតែខិតខំប្រឹងប្រែងបន្តស្មារតីនេះ ព្រោះថាយើងមិនអាចដឹង​បានទេថា ចាប់ពីពេលនេះ រហូតដល់១០ឆ្នាំ ២០ឆ្នាំ ឬ៣០ឆ្នាំទៅមុខ តើពេលណាទៅកម្ពុជា អាចជួបប្រទះហានិភ័យ ដែល​មិនបានគ្រោងទុក ហើយដែលពលរដ្ឋ​មិនចង់បាននោះទេ។

ឯកឧត្តមបានបន្ថែម​ថា «យើងមិនអាចរង់ចាំរហូតបានចលាចលនៅក្នុងសង្គម ឬក៏ហានិភ័យឈានមកដល់អធិបតេយ្យរបស់កម្ពុជា ដែលយើង​ត្រូវ ត្រៀមខ្លួននោះទេ។ ដូច្នេះ​យើងត្រូវថែរក្សាអប់រំខ្លួនឯងផង ដូចអ្វីដែលសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានប្រសាសន៍ គឺថាឲ្យលត់ដុំសមាជិកនីមួយៗ ហើយបន្តបេសកកម្ម ការពារបូរណភាពដែនដីជាមួយបេះដូងដ៏បរិសុទ្ធ និងក្តីស្រឡាញ់របស់យើងចំពោះមាតុភូមិកម្ពុជា»

ជាមួយគ្នានេះឯកឧត្តម ហ៊ុន ​ម៉ានី ក៏បានណែនាំឲ្យបន្តផ្សព្វផ្សាយដល់សមាជិក សមាជិកា និងយុវជនឲ្យបានយល់ច្បាស់ថាអ្វី ដែលជាបុព្វហេតុរបស់ ស.ស.យ.ក មិនមែនគ្រាន់តែជារូបៗ មិនមែនគ្រាន់តែជាអង្គការ ដែលចុះឈ្មោះនៅក្រសួងមហាផ្ទៃនោះទេ គឺជាបុព្វដែលយើងត្រូវផ្សព្វផ្សាយក្នុងនាមជាយុទ្ធការមួយ ដើម្បីអប់រំផ្នត់គំនិតរបស់យុវជន យុវនារី និងពលរដ្ឋខ្មែរដូចគ្នា ដើម្បីត្រៀមខ្លួន​សម្រាប់ប្រទេសជាតិ​។

ឯកឧត្តម ហ៊ុន ​ម៉ានី គូសរំលេចថា សមាជិកគណៈកម្មាធិការកណ្តាល ក៏ដូចជាសមាជិក សមាជិកា ស.ស.យ.ក ទាំងអស់ត្រូវខិតខំប្រឹងប្រែងបន្តធ្វើសកម្មភាព ដោយថែរក្សាសត្យានុភាព និងរូបភាពរបស់ ស.ស.យ.ក ឲ្យបាននៅតែបន្តថិតថេរ អ្វីដែលបានខិតខំប្រឹងប្រែងរយៈពេល៦ឆ្នាំកន្លងទៅនេះ មិនថាកាលះបង់ពេលវេលា កម្លាំងកាយចិត្ត ឬការងារអប់រំ ការងារមនុស្សធម៌ផ្សេងៗ ការងារស្ម័គ្រចិត្ត កីឡា ឬការផ្តល់ឈាម និងការចុះពិនិត្យ សុខភាពជូនពលរដ្ឋ ហើយអ្វីដែលទទួលបានមកវិញ គឺការទទួលស្គាល់ពីសំណាក់ប្រជាពលរដ្ឋខ្មែរ៕