សម្តេចតេជោ ហ៊ុន សែន៖ ក្រុមហ៊ុនបារាំង ដែលកំពុងគ្រប់គ្រងព្រលានយន្តហោះនៅកម្ពុជា គាំទ្ររាជរដ្ឋាភិបាល សង់ព្រលានយន្តហោះថ្មី នៅភ្នំពេញ និងសៀមរាប ដើម្បីទប់ទល់ភ្ញៀវទេសចរ១២លាននាក់


(កណ្តាល)៖ ថ្លែងចេញពីទឹកដីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទីកន្លែងដែលរាជរដ្ឋាភិបាលគ្រោងសាងសង់អាកាសដ្ឋាន អន្តរជាតិភ្នំពេញថ្មី លើផ្ទៃដីជិត៣ពាន់ហិកតានោះ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ពីកំណើតភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជា កាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលចាំបាច់តម្រូវរាជរដ្ឋាភិបាល ធ្វើការសាងសង់ព្រលានយន្តហោះថ្មីនៅភ្នំពេញ និងខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ចំពោះគម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះ ក៏ទទួលបានការគាំទ្រពីសំណាក់ក្រុមហ៊ុនរបស់បារាំង ដែលកំពុងគ្រប់គ្រងការវិនិយោគលើព្រលានយន្តហោះនៅកម្ពុជាផងដែរ ក៏ព្រោះតែកំណើនយ៉ាងឆាប់រហ័សរបស់ភ្ញៀវទេសចរ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៧,៩១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «នៅថ្ងៃមុនពិភាក្សាជាមួយក្រុមហ៊ុន VINCI របស់ប្រទេសបារាំងបានឃើញច្បាស់ហើយ។ សូម្បីតែក្រុមហ៊ុន VINCI នេះគាត់មិននឹកដល់អំពីកំណើនដ៏ខ្ពស់នៃការកើនឡើង សម្រាប់ការដឹកជញ្ជូនផ្លូវអាកាស ដែលឥឡូវនេះក្រុមហ៊ុន VINCI គាំទ្រទាំងស្រុងនូវការធ្វើអាកាសយានដ្ឋានថ្មី សម្រាប់ភ្នំពេញផង សម្រាប់សៀមរាបផង ព្រោះវា [អាកាសយានដ្ឋានបច្ចុប្បន្ន] មិនអាចឆ្លើយតបបាននូវកំណើតដ៏ខ្ពស់ បន្ទាប់ពីក្រោយឆ្នាំ២០២៥ អស់សមត្ថភាពក្នុងការទទួលហើយ ដែលយើងអាចឈានដល់ទទួលភ្ញៀវទេសចរលើស១២លាននាក់។ អីចឹងព្រលានយន្តហោះពោធិ៍តុង និងព្រលានយន្តហោះសៀមរាប គឺមិនអាចទទួលតទៅទៀតបានទេ ឯព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុ ត្រូវតែពង្រីកទាំងផ្លូវចុះចង ក៏ដូចជាផ្នែកដទៃទៀត ដែលអាចឈានដល់ក្នុង១ឆ្នាំទទួល៣លាននាក់ នៅក្រុងព្រះសីហនុ សម្រាប់វិស័យទេសចរណ៍របស់កម្ពុជា»

ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន និងប្រតិភូបារាំងក្រុមហ៊ុន VINCI ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០១៨នេះ រំពឹងថាភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជា អាចនឹងកើនឡើងដល់៦លាននាក់។ សម្តេចតេជោបញ្ជាក់ថា ដោយសារតែកត្តាសន្តិភាពនេះហើយ ទើបធ្វើឲ្យភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជា កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះសម្តេចសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប បន្តចូលរួមថែរក្សាសន្តិភាព ដែលរកបានដោយលំបាកឲ្យបានគង់វង្ស។

សូមជម្រាបថា រាជរដ្ឋាភិបាលមានគម្រោងសាងសង់ព្រលានយន្តហោះថ្មីៗ នៅកម្ពុជាចំនួន៣៖

ទី១៖ គម្រោងព្រលានយន្តអន្តរជាតិភ្នំពេញ ដែលត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨ ដោយនាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកនាយករដ្ឋមន្ត្រីចិន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគរវាងក្រុមហ៊ុន OCIC លោក ពុង ខៀវសែ និងក្រុមហ៊ុនចិន ដើម្បីរួមគ្នាអភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញថ្មី លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយអាចប៉ះតំបន់មួយចំនួនក្នុងស្រុកបាទី ខេត្តតាកែវ។ ដើម្បីសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ឬ Cambodia Airport Investment» ដែលរាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន១០ភាគរយ និងក្រុមហ៊ុនរបស់ឧកញ៉ា ពង់ ឃាវសែ កាន់កាប់ភាគហ៊ុន៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម OCIC និង២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី។

ទី២៖ ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរថ្មី ត្រូវសាងសង់នៅពេលឆាប់ៗខាងមុខនេះ ដោយក្រុមហ៊ុនចិន YUNAN DEVELOPMENT GROUP គ្រោងវិនិយោគនូវទឹកប្រាក់៩០០លានដុល្លារអាមេរិក ដែលមានកុងត្រារយៈពេល៥៥ឆ្នាំ នៅស្រុកសូតនិគម លើផ្ទៃដី៧០០ហិកតា។

៣៖ ព្រលានយន្ដហោះកោះកុង ក៏ត្រូវសាងសង់លើផ្ទៃដីប្រមាណ៧៥០ហិកតា នៅក្នុងស្រុកបទុមសារគរ ខេត្តកោះកុង ដែលវិនិយោគដោយក្រុមហ៊ុនចិន ឈ្មោះថា Union Development Group ដែលវិនិយោគលើទឹកប្រាក់ ប្រមាណ៣៥០លានដុល្លារអាមេរិក៕