សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលមួយ មិនអាចឱ្យមានការផ្តួលរំលំបាន តាមរយៈបាតុកម្មតាមចិញ្ចើមផ្លូវនោះឡើយ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលស្របច្បាប់ នៃប្រទេសមួយ មិនអាចឱ្យមានការផ្តួលរំលំបាន តាមរយៈបាតុកម្មតាមចិញ្ចើមផ្លូវ ដែលធ្វើឡើងដោយ អតីតគណបក្សប្រឆាំង ក្រោយការបោះឆ្នោតឆ្នាំ២០១៣នោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងឱកាសដែលសម្តេចបានបន្តចុះសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

ថ្លែងទៅកាន់កម្មករ កម្មការិនីទាំងនោះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីស្ថានភាពនយោបាយកម្ពុជា នៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដែលអតីតបក្សប្រឆាំងបានប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងដោយការបោះឆ្នោត តាមរយៈបាតុកម្មតវ៉ានឹងលទ្ធផលឆ្នោត។

សម្តេចតេជោបានរំលឹកថា ពេលនោះក្រុមបាតុករដែលដឹកនាំដោយ អតីតគណបក្សប្រឆាំង បានប្រើប្រាស់ភាសាមិនត្រឹមត្រូវ រហូតដល់ថា «ហ៊ុន សែន អើយចុះចេញទៅ!» ដែលនេះជាភស្តុតាងបង្ហាញថា ពួកគេចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។

សម្តេចបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ចង់ផ្តួលរំលំរហូតដល់ “ហ៊ុន សែន អើយចុះចេញទៅ !” បោះឆ្នោត ចាញ់គេសោះឱ្យគេចុះចេញ។ ពេលនោះបើហ្អែងមិនគេចឱ្យរហ័សទេហ្អែងងាប់បាត់ហើយអញប្រាប់យក បុណ្យខ្មោចឯងទេ។ តែឯងពូកែស្រែកក៏ពូកែហើយរត់ក៏លឿន។ អញមិនចង់សម្លាប់ឯងទេ តែបើឯងឈានមួយជំហានទៀត ហួសបន្ទាត់ក្រហម ឯងក៏នឹងត្រូវរងការវាយប្រហារឆ្លើយតបដែរ ព្រោះរដ្ឋាភិបាល ប្រទេសមួយមិនអាចឱ្យផ្តួលរំលំបានចិញ្ចើមថ្នលនោះទេ»

បាតុកម្មរបស់អតីតគណបក្សសង្រ្គោះជាតិ បានអូសអន្លាយរយៈពេល១ឆ្នាំ ចាប់ពីខែកក្កដា ឆ្នាំ២០១៣ រហូតដល់ខែកក្កដា ឆ្នាំ២០១៤។ បាតុកម្មនេះ បានធ្វើឱ្យខូចខាតសម្បត្តិរដ្ឋ និងឯកជន អស់រាប់លានដុល្លារ ព្រមទាំងខាតបង់សេដ្ឋកិច្ចជាតិធ្ងន់ធ្ងរជាដើម។

ប៉ុន្តែទោះជាយ៉ាងណា សម្រាប់ការបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០១៨នេះវិញ ត្រូវបានស្ថាប័នជាតិ និងអន្តរជាតិកោតសរសើរថា មានភាពចាស់ទុំ ដោយដំណើរការទៅដោយរលូន រហូតដល់មានប្រជាពលរដ្ឋប្រមាណជាង៨៣ភាគរយចូលរួមបោះឆ្នោត ហើយក្នុងនោះមានប្រមាណ៧៧ភាគរយ បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការដែលពលរដ្ឋចូលរួមបោះឆ្នោតរហូតដល់ជាង៨០ភាគរយនោះ គឺជាជោគជ័យនៃដំណើរការប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។ ដ្បិតការបោះឆ្នោតនេះ មានគណបក្សរហូតដល់២០ចូលរួមបោះឆ្នោត។

សម្តេចបានលើកឡើងថា ក្រោយការបោះឆ្នោតប្រាក់ខែរបស់កម្មករ កម្មការិនី បានកើនឡើង ប្រជាពលរដ្ឋមានភាពសុខសាន្ត ដែលនេះបង្ហាញថា ប្រជាពលរដ្ឋបានបោះឆ្នោតដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការប្រតិកម្មចំពោះការឃោសនារបស់ក្រុមប្រឆាំងកន្លងទៅដែលថា ប្រាក់ខែរបស់កម្មករ បានកើនឡើងដោយសារក្រុមប្រឆាំងរិះគន់។ សម្តេចបានចោទសួរថា ចុះម្តេចពេលនេះ គ្មានអតីតគណបក្សប្រឆាំងផងនោះ ម្តេចក៏ប្រាក់ខែរបស់កម្មករ និយោជិត ត្រូវបានដំឡើងរហូតដល់ ១៨២ដុល្លារក្នុង១ខែ។

ទន្ទឹមនឹងការបំភ្លឺបែបនេះ សម្តេចក៏បានបង្ហើបទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានសុខចិត្តខាតបង់ទឹកប្រាក់ប្រមាណ១២០លានដុល្លារ ក្នុង១ឆ្នាំ ដើម្បីទ្រទ្រង់ដល់ការដំឡើងប្រាក់ឈ្នួល អប្បបរមាដល់កម្មករ និយោជិតក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង។ សម្តេចសង្ឃឹមថា នៅឆ្នាំក្រោយនេះ ជាមួយនឹងការទទួលបានការដំឡើងប្រាក់ឈ្នួលនោះ កម្មករនិយោជិត នឹងទទួលបានការបើកប្រាក់ឈ្នួល២ដងក្នុងមួយខែ ដែលកាន់តែសម្រួលដល់ជីវិភាពរស់នៅរបស់ពួកគេថែមទៀត៕