អភិបាលរាជធានីភ្នំពេញ ទទួលជួបប្រតិភូបញ្ជាការដ្ឋានយោធារដ្ឋធានីហាណូយ និងរដ្ឋធានីវៀងច័ន្


ប្រតិភូបញ្ជាការដ្ឋានយោធា នៃរដ្ឋធានីហាណួយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកឧត្តសេនីទោ ង្វៀង ថេកេត ប្រធាននយោបាយ នៃបញ្ជាការដ្ឋានយោធាទីក្រុង ហាណូយ និងគណៈប្រតិភូនាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចូលជួបសំដែងការគូរសមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលរាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៦ រវាងបញ្ជាការដ្ឋានយោធាប្រទេសទាំង៣ភ្នំពេញ ហាណូយ និងវៀងច័ន្ទ ដោយផ្តោតទៅលើការពង្រឹងចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី នៃប្រទេសទាំង៣ ប្រជាជនទាំង៣ និងកងទព័ទាំង៣ឲ្យកាន់តែរឹងមាំស្ថេរភាព និងយូអង្វែង។

ឯកឧត្តម ឃួង ស្រេង បានថ្លែងថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំង២គឺមានតម្លៃ និងមានផលប្រយោជន៍សំរាប់ប្រជាជន និងប្រទេសទាំង២ ក្នុងការជួយគ្នាទៅវិញទៅមក ព្រោះនៅពេលមានបញ្ហា គឺមានតែប្រទេសជិតខាងហ្នឹងហើយដែលជួយយើងមុនគេ។ ពិសេសមិត្តវៀតណាម បានជួយកម្ពុជាក្នុងការរំដោះប្រជាជនកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ នេះជាការពិតដែលកម្ពុជាតែងបានប្រាប់ទៅយុវវ័យជំនាន់ក្រោយមិនត្រូវភ្លេចពីគុណបំណាច់នេះ។

លោក ង្វៀង ថេកេត បានលើកឡើងថា ភាពសប្បាយរីករាយ និងការអភិវឌ្ឍន៏របស់ប្រជាជនកម្ពុជា គឺជាភាពសប្បាយរីករាយរបស់រដ្ឋ, ប្រជាជន និងកងទ័ពវៀតណាមដែរ។ លោកបន្តថា កម្ពុជា, វៀតណាម និងឡាវមានភូមិផងរបងជាមួយគ្នានៅពេលមានបញ្ហា យើងត្រូវរួមគ្នាដោះស្រាយដោយសន្តិវិធី។

នៅព្រឹកមិញនេះដែរ គណៈប្រតិភូកងទព័ឡាវ ដឹក​នាំដោយវរសេនីយ៍ឯកស៊ី ថាក់វីសៃ មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពរដ្ឋធានីវៀងចន្ទ័ ក៏បានចូលជួបសំដែងការគួសមជាមួយលោក ឃួង ស្រេង។

អភិបាលបានរំលឹកឡើងវិញចំណងមិត្តភាពសាមគ្គីភាពកម្ពុជា-ឡាវ ដែលមានវប្បធម៌ប្រពៃណី ទំនៀមទំលាប់ ស្រដៀងគ្នានឹងជាមិត្តចាស់របស់កម្ពុជា។ យើងបានដោះស្រាយបញ្ហាប្រឈម ការវិវាទនានាតាមបណ្តោយព្រំដែនប្រកបដោយមិត្តភាព សាមគ្គីភាព និងមានផលប្រយោជន៍ទៅវិញទៅមកដោយស្មើភាព។

លោក ស៊ី ថាក់វីសៃ បានលើកឡើងពីកិច្ចប្រជុំប្តូរវេន តាមរបៀបវិលជុំ១ឆ្នាំម្តង រវាងបញ្ជាការដ្ឋានទីក្រុងទាំង៣ភ្នំពេញ ហាណូយ និងវៀងច័ន្ទ ដោយបានឯកភាពគ្នាលើបញ្ហាជាច្រើន និងបន្តកិច្ចសហប្រតិបត្តិការគ្នាទាំង៣ ទីក្រុងហើយនឹងដោះស្រាយបញ្ហាជាមួយគ្នាក្នុងក្របខណ្ឌសន្តិវិធី ហើយបើមានបញ្ហាណាមួយកើតឡើងយើងរួមគ្នាដោះស្រាយ៕