ប្រធានាធិបតីចិនទស្សនកិច្ចកម្ពុជា ថ្ងៃ១៣ និង១៤តុលា


china-11-10-16-2-copy
កម្ពុជាកំពុងត្រៀមរៀបចំទទួលស្វាគមន៍ ដំណើទស្សនកិច្ចប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិនលោក ហ្ស៊ី ជិនពីង ដែលនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋ ២ថ្ងៃក្នុងសប្តាហ៍នេះ។ សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន រវាងពីថ្ងៃទី១៣ ដល់ ១៤តុលាសប្តាហ៍នេះ គឺតបតាមការអញ្ជើញរប ស់ព្រះករុណា ព្រះមហាក្សត្រនៃប្រទេសកម្ពុជា។
ប្រធានាធិបតីចិននឹងក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី និងចូលជួបសម្តែងការគួរសមចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលនៅព្រះបរមរាជវាំង។ ក្នុងដំណើរស្នាក់នៅក្នុងប្រទេសកម្ពុជា ប្រធានាធិបតីចិន នឹងជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្ទាប់មកថ្នាក់ដឹកនាំទាំង២ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារមួយចំនួន។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍មុននេះថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ចិន លោក ហ្ស៊ី ជិនពីង មកកាន់កម្ពុជានាសប្តាហ៍ក្រោយ នឹងបើកមុខច្រកនៃការនាំទំនិញផលិតផលកសិកម្ម… ការវិនិយោគ និងវិស័យទេសចរណ៍ផងដែរ ។ កម្ពុជាមានគោលដៅពង្រីកទំហំពាណិជ្ជកម្មរវាងចិននៅឆ្នាំ ២០១៧ ឱ្យបាន ៥ពាន់លានដុល្លារអាមេរិក ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កម្ពុជានឹងអាចសម្រេចនូវទំហំពាណិជ្ជកម្មដ៏ធំនេះបាន ដោយសារតែនៅឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មរវាងចិននិងកម្ពុជា បានលើសពីទំហំ ៤ពាន់លានដុល្លារ រួចទៅហើយ ។
ប្រទេសចិន ត្រូវគេឃើញថា បានក្លាយជាអ្នកគាំទ្រដ៏ខ្លាំងក្លា ចំពោះរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ចាប់តាំងពី ឆ្នាំ១៩៩៧ គ្រាដែលមានប្រទេសមហាអំណាចនេះ បានគាំទ្រជាអន្តរជាតិនូវបុព្វហេតុកម្ពុជា អនុវត្តនយោបាយឈ្នះៗ បំបាត់សង្គ្រាមស៊ីវិល ។ ប្រទេសចិនចាប់តាំងពីពេលនោះមក បានក្លាយជាដៃគូដ៏សំខាន់មួយដែលជួយ កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធ និងការជួយជម្រុញកម្ពុជាលើការអភិវឌ្ឍន៍ជាតិយ៉ាង ឆាប់រហ័សផងដែរ ។
ដំណើរទស្សនកិច្ចនៅកម្ពុជារវាងពីថ្ងៃទី១៣ និង ១៤តុលា គឺជាដំណើរទស្សនកិច្ចលើកដំបូង ក្នុងដំណើររបស់ប្រធានាធិបតីចិន ទៅកាន់ប្រទេសបង់ក្លាដេស្ហ ដែលគ្រោងនឹងទទួលជំនួយ ៤០លានដុល្លារ ពីប្រទេសចិន… និងក្រោយមកប្រធានាធិបតីចិន នឹងបន្តដំណើរទៅកាន់ប្រទេសឥណ្ឌា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS ដែលរួម មានមេដឹកនាំ១១ ប្រទេសបានចូលរួមក្នុងនោះរួមមាន ប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាង ត្បូង ផងដែរ ។