មន្ដ្រីCPP ៖ ការចោទប្រកាន់ថា សម្ដេចតេជោផ្ញើសារគំរាមលោកកឹម សុខា ជាពិសពុលនយោបាយ ទុច្ចរិតរបស់CNRP


(ភ្នំពេញ) ៖ ឯកឧត្តម សុខ ឥសាន មន្ដ្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងទៅនឹងការលើកឡើងរបស់មន្ដ្រីគណបក្សសង្គ្រោះជាតិ ដែលបានលើកឡើងថា មានការគំរាមកំហែងលើលោកកឹម សុខា មុនពេលចូលប្រជុំសភានាពេលកន្លងទៅនោះ ថាគ្រាន់តែជាលេសដើម្បីទម្លាក់កំហុសទៅគណបក្សប្រជាជន ដើម្បីឲ្យពលរដ្ឋថ្កោលទោស និងស្អប់គណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។
ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា “…ការលើកឡើងនោះ គឺគ្មានមូលដ្ឋាននោះទេ…CNRP មិនចូលប្រជុំហ្នឹង វាមិនមែនមកពីរឿងភ័យខ្លាចទេ អាហ្នឹងគ្រាន់តែជាលេសរបស់គាត់ទេ…មូលហេតុដែលគាត់មិនចូលសភា គឺគាត់ចង់យកនីតិរដ្ឋ ទៅដោះដូរជាមួយវប្បធម៌និទណ្ឌភាព…”។
ឯកឧត្តម បានបន្ដថា “…ដំណោះស្រាយនយោបាយ វាមិនអាស្រ័យនឹងការពិភាក្សាគ្នាទេ…បើមិនមានការដោះលែងអ្នកជាប់ទោសរាល់ថ្ងៃហ្នឹង គាត់ថា មិនមានដំណោះស្រាយនយោបាយទេ…អញ្ចឹងបានន័យថា យើងយកវប្បធម៌និទណ្ឌភាព មកដោះដូរជាមួយនីតិរដ្ឋ តើវាទៅរួចទេ…”។
ឯកឧត្តម សង្កត់ធ្ងន់ថា “…នេះជាឧបាយកលទុច្ចរិតធ្ងន់ធ្ងររបស់CNRP ដោយមិនអាចអត់ឱនឲ្យបានទេ…”។
ក្នុងនោះដែរ ឯកឧត្តមក៏បានបញ្ជាក់ជាថ្មីថា មូលហេតុដែលមន្ដ្រីគណបក្សសង្គ្រោះជាតិទាំងនោះ មានទោស គឺដោយសារតែពួកគាត់ប្រព្រឹត្តខុសច្បាប់ ហើយនោះជារឿងបុគ្គលផ្ទាល់ខ្លួនដែលខ្លួនឯងត្រូវតែទទួលខុសត្រូវ។