មន្ត្រី CPP៖ ទិវា២ធ្នូ ជាប្រវត្តិសាស្ត្រដែលបានរំដោះសង្គ្រោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរស់រានមានជីវិតឡើងវិញ


(ស្វាយរៀង)៖ លោក មាស ប៊ុនឡី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានលើកឡើងថា ទិវាកំណើតរណសិរ្ស២ធ្នូ ជាប្រវត្តិសាស្ត្រ​ដែលបានរំដោះ និងសង្គ្រោះជាតិមាតុភូមិ​ និងប្រជាជនកម្ពុជា ឱ្យរស់រានមានជីវិតឡើង​វិញរួចផុតពីគ្រោះមហន្តរាយ និងការកាប់សម្លាប់​នៃរបបកម្ពុជា​ប្រជាធិបតេយ្យរបស់ប៉ុលពត។

ការលើកឡើងបែបនេះរបស់លោក មាស ប៊ុនឡី បានធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងឱកាស ដែលលោកបានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា នៅឃុំពោធិ៍រាជ ដើម្បីរំលឹកខួបកំណើតរណសិរ្យ២ធ្នូ។

ជាមួយគ្នានេះដែរ លោក មាស ប៊ុនឡី បានថ្លែងនូវការផ្តាំផ្ញើ និងសាកសួរសុខទុកពីសំណាក់លោក ចៅ ភិរុណ ជាប្រធានក្រុមការងារ គណបក្សប្រជានកម្ពុជា ចុះជួយស្រុកស្វាយជ្រុំ ដល់អង្គពិធីផងដែរ​ដោយលោកបានរំលេចថាលោកប្រធានក្រុមការងារ តែងតែនឹករលឹកដល់សមាជិក​សមាជិការ​គណបក្សប្រជាជនកម្ពុជា​ទាំងអស់នៅស្រុកស្វាយជ្រុំ។

លោកបានបញ្ជាក់ថា ប្រជាជនកម្ពុជា​នៅចងចាំបានថា រណសិរ្ស២​ធ្នូ​គឺជាបុព្វការី​ដ៏មានមហាគុណូបការៈចំពោះជាតិ និងប្រជាជនកម្ពុជា​ ស្របនឹងទិសស្លោកជាសច្ចធម៌ជាប្រវត្តិសាស្ត្រដែលថា​មានថ្ងៃ២ធ្នូ​ទើបមានថ្ងៃ៧​ មករា មានថ្ងៃ៧ មករា​ទើបមានការរីកចម្រើនដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រីនៃកម្ពុជា។ យើងត្រូវចងចាំថាអ្នកមានគុណដែល បានសង្គ្រោះជីវិត បានហូបទឹកមិនភ្លេចប្រភពទឹកបានហូបផ្លែឈើមិនភ្លេចអ្នកដាំ។

ក្នុងឱកាសនោះប្រធានក្រុមការងារចុះជួយឃុំពោធិ៍រាជរូបនេះ ក៏បានជំរុញដល់សមាជិកសមាជិការត្រូវបន្តធ្វើអំពើល្អ និងយកចិត្តទុកដាក់ចំពោះការងារបក្សនៅមូលដ្ឋានក្តាប់ឱ្យបានសភាការណ៍ជាក់ស្តែងអំពីសុខទុក និងតម្រូវការរបស់ប្រជាពលរដ្ឋ និងដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលាម៉្យាងវិញទៀត ត្រូវចេះកៀរគរសមាជិកបក្សថ្មីបន្ថែមទៀត មិនត្រូវប្រកាន់និន្នា ការបក្សនយោបាយនោះទេ ឱ្យតែគេស្ម័គ្រចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនយើង និងទទួលជានិច្ចជាពិសេសក្រុមយុវជន ដែលគ្រប់អាយុបោះឆ្នោត៕