រដ្ឋមន្ត្រីក្រសួងកសិកម្ម អរគុណអង្គការមូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម ដែលជួយឧបត្ថម្ភទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដល់កម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បានអនុញ្ញាតឲ្យលោក Hubert Boirard នាយកប្រតិបត្តិតំណាងកសិករប្រចាំអាស៊ីប៉ាស៊ីហ្វីក នៃអង្គការមូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងរចនាសម្ព័ន្ធ តួនាទីរបស់អង្គការកសិករ និងសុំការគាំទ្រ កិច្ចសហការពីក្រសួង សម្រាប់ពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល អង្គការកសិករ និងដៃគូអភិវឌ្ឍន៍នានា សំដៅរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

លោក Hubert បានជម្រាបឯកឧត្តមរដ្ឋមន្រ្តីថា ក្នុងឱកាសដែលលោកបានអញ្ជើញចុះទៅពិនិត្យការងារគម្រោងដែលបាន និងកំពុងអនុវត្តនៅតាមបណ្តាខេត្តគោលដៅឃើញថា ប្រជាកសិករ ឬសមាជិកសហគមន៍ ដែលស្ថិតនៅក្នុងកម្មវិធីរបស់គម្រោង មានប្រាក់ចំណូលកើនឡើងគួរឲ្យកត់សម្គាល់ ជីវភាពគ្រួសារមានការរីកចម្រើន និងមានការសហការគ្នាល្អរវាងសមាជិកសហគមន៍។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជក់បន្ថែមថា ដើម្បីកែលម្អ និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ឲ្យមានការរីកចម្រើនបានមួយកម្រិតទៀត ទាមទារកិច្ចសហការពេញលេញពីគ្រប់តួអង្គពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការ IFAD តែម្តង។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានថ្លែងអំណរគុណជូនចំពោះអង្គការ IFAD និងសហគមន៍អ៉ឺរ៉ុប ដែលបាន និងកំពុងជួយឧបត្ថម្ភ គាំទ្រទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសអភិវឌ្ឍវិស័យកសិកម្មឲ្យមានការរីកចម្រើន ហើយលោកសង្ឃឹម និងជឿជាក់ថាអង្គការអន្តរជាតិនានា ដែលជាដៃគូអភិវឌ្ឍនៅកម្ពុជា នឹងបន្តគាំទ្រដើម្បីអភិវឌ្ឍប្រទេសកម្ពុជា ឲ្យសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺចង់ប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូន លោក Hubert ថាក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការឲ្យអស់ពីលទ្ធភាព ជាមួយអង្គការដើម្បីធ្វើយ៉ាងណាឲ្យ គម្រោងទទួលបានជោគជ័យ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលរបស់គម្រោង ដែលសម្រេចបានក្នុងរយ:ពេលកន្លងមក ហើយដើម្បីបង្កើនប្រសិទ្ធភាព នៃការអនុវត្តគម្រោងទទួលបានលទ្ធផលល្អប្រសើរ បានមួយកម្រិតទៀត។

ឯកឧត្តមរដ្ឋមន្រ្តីបានជូនសារគន្លឹះមួយចំនួនដូចជា៖

១៖ គួរសហការជាមួយដៃគូអភិវឌ្ឍដទៃទៀត ដើម្បីបង្កើតគម្រោងមួយ ដែលមានសក្តានុពលគ្របដណ្តប់ ទៅលើសេចក្តីតម្រូវការចាំបាច់ ក្នុងសហគមន៍កសិកម្ម។

២៖ គួរបញ្ចូលបច្ចេកទេសកសិកម្មថ្មី សមស្របដែលកសិករអាចទទួលយកបាន និងរៀបចំផែនការដាំដុះឲ្យបានស្របតាមការប្រែប្រួលអាកាសធាតុ ស្ថានភាព និងគុណភាពដី ប្រភពទឹក ដើម្បីធ្វើការការប្រកួតប្រជែង និងឆ្លើយតបតម្រូវការទីផ្សារ។

៣៖ ជួយពង្រឹងសមត្ថភាពក្នុងការផលិត និងការកែច្នៃឲ្យដល់ដៃប្រជាកសិករ និងវិស័យឯកជន ធ្វើយ៉ាងណាឲ្យភាគីទាំងពីរមានឱកាសសហការគ្នាផលិតឲ្យបានសមស្របតាមតម្រូវការ គុណភាព និងស្តង់ដារទីផ្សារ តាមរយ:ការអនុវត្តកសិកម្មតាមកិច្ចសន្យា៕