ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញអារម្មណ៍បន្ទាប់ធ្វើដំណើរអស់មួយថ្ងៃ មួយយប់ ក្នុងព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ដ្រ»​


(ក្រចេះ)៖ នៅលើផ្លូវដែលឆ្លងកាត់ឧបសគ្គមួយចំនួន ក្នុងព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ដ្រ» ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បន្ទាប់ពីធ្វើដំណើរដោយថ្មើរជើងអស់មួយថ្ងៃ មួយយប់ ក៏បានបង្ហាញអារម្មណ៍ហត់ និងអស់កម្លាំងបន្ដិចបន្តួចផងដែរ ប៉ុន្ដែឯកឧត្តមថា ការហត់ និងអស់កម្លាំងនេះ មិនទាន់ស្មើនូវអ្វីដែលថ្នាក់ដឹកនាំជំនាន់មុនលះបង់នោះទេ។

ឯកឧត្តម ហ៊ុន ម៉ានី ដែលកំពុងតែដឹកនាំយុវជនប្រមាណ៧០០នាក់ ក្នុងព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ដ្រ»​ នេះ ក៏បានគូសបញ្ជាក់ថា នៅលើផ្លូវដែលខ្ញុំ និងយុវជនជាច្រើនទៀតកំពុងធ្វើដំណើរ មិនមានគ្រាប់មីន​ និងនៅក្នុងកាលៈទេសៈមួយដែលប្រទេសមានសន្តិភាព ហើយឯកឧត្តមយល់ច្បាស់ថា យុវជនរួមដំណើរនឹងមិនមានអ្វីកើតឡើងឡើយ ខុសពីថ្នាក់ដឹកនាំជំនាន់មុន​ ដែលអាចប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេល។

តាមរយៈទំព័រ Facebook ផ្លូវការនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តម ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា៖

«ខ្ញុំហត់​ ខ្ញុំអស់កម្លាំង​ ប៉ុន្តែខ្ញុំមិនហត់នឹងការគិត​ គឺការគិតត្រឡប់ទៅអតីតកាល៤០ឆ្នាំមុន​ ដែលថ្នាក់ដឹកនាំយើងបានលួចឆ្លងកាត់វាលនេះទាំងយប់​ ដោយមិនដឹងទាំងស្លាប់​ ឬរស់​ផង ក្នុងបុព្វហេតុស្វែងរកការរំដោះជាតិ​ មាតុភូមិ​ ចេញពីក្រញ៉ាំខ្មែរក្រហម។ ខ្ញុំហត់​ ខ្ញុំអស់កម្លាំង​ ប៉ុន្តែខ្ញុំកំពុងដើរនៅលើផ្លូវមួយដែលមិនមានគ្រាប់មីន​ និងនៅក្នុងកាល:ទេស:មួយដែលមានសន្តិភាព។ ខ្ញុំយល់ច្បាស់ថា​ ខ្លួនខ្ញុំ​ និងយុវជនរួមដំណើរនឹងមិនមានអ្វីកើតឡើងឡើយ។ ខុសពីនេះ​ ថ្នាក់ដឹកនាំជំនាន់មុន​ ពិតជាមិនមានចម្លើយឡើយចំពោះបញ្ហានេះ​ ក្នុងពេលដែលពួកគាត់ទាំងនោះ កំពុងដើរនៅលើផ្លូវនេះដូចគ្នា។ ខ្ញុំហត់​ ខ្ញុំអត់កម្លាំង​ ប៉ុន្តែខ្ញុំដឹងថា​ គ្រួសារខ្ញុំ​ និងគ្រួសារកម្ពុជាទាំងមូលកំពុងមានសេចក្តីសុខ​ ក្នុងពេលដែលខ្ញុំកំពុងតែដើរលើផ្លូវនេះ។ ខុសពីនេះ​ ថ្នាក់ដឹកនាំជំនាន់មុន​ ពិតជាមិនមានអារម្មណ៏ដូចខ្ញុំនៅពេលនេះឡើយ។ ប៉ុន្តែ​ វិនាទីចុងក្រោយ​ ថ្នាក់ដឹកនាំយើងនៅពេលនោះ ពិតជាអាចធ្វើបាន។ ចុះយុវជនយើងជំនាន់នេះ?»

សូមជម្រាបថា ​ព្រឹត្តិការណ៍ «៤០​គីឡូម៉ែត្រ​​​​ទៅកាន់​ប្រវត្តិសាស្ត្រ» មាន​គោល​បំណង​ផ្តល់​ជា​វេទិកា​ដល់​យុវជន ឲ្យ​​ចេះ​រួបរួម​​គ្នាក្នុងគ្រាលំបាក និងគ្រាសុខសាន្ត ​ស្វែង​​យល់ពី​កម្រិត​សមត្ថភាព​របស់ខ្លួន ក៏ដូចជា​កម្រិត​​នៃការ​តស៊ូ​ ​ភាព​អត់ធ្មត់ និងសមត្ថភាព​ដោះស្រាយ​បញ្ហា​ជាក់ស្តែង ​រួមជាមួយ​​ការស្វែងយល់​បន្ថែម​​ពីប្រវត្តិសាស្ត្រ​តាម​​រយៈ​​ការ​ធ្វើដំណើរ​ថ្មើរជើង​​រួមគ្នា​​នៅលើគន្លង​ផ្លូវ​ដែល​មាន​ចម្ងាយ​៤០គីឡូម៉ែត្រ។

មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍​​នេះ គឺធ្វើ​ឡើង​ដើម្បី​បង្កើត​បរិយាកាស​ស្និតស្នាល និងប្រកប​ដោយ​ភារតភាព ដែលក្នុងនោះ​យុវជនទាំងអស់​ត្រូវបាន​​លើក​ទឹក​ចិត្ត​អោយ​មាន​សកម្មភាព​កសាង​​ក្រុម (Team Building) ការដើររួមគ្នា​ ច្រៀង​ចម្រៀង​រួមគ្នា ការ​ចំអិន​​អាហាររួមគ្នា ការបោះ​ជំរុំ ការដុតភ្លើងគប់ ការនិទានរឿង និងការ​បញ្ចេញ​សមត្ថភាព ទេពកោសល្យ​ផ្ទាល់​ខ្លួន ក៏ដូចជាការច្រៀង រាំ​កម្សាន្តផ្សេងៗ៕