សម្តេច ហេង សំរិន ថ្លែងថា អ្នកបន្តវេនដឹកនាំជាតិ ត្រូវចងចាំរណសិរ្ស២ធ្នូ និងរក្សាឲ្យបាននូវមរតកសន្តិភាពដែលអ្នកជំនាន់មុនរកមកបានដោយលំបាក


(ស្នូល, ក្រចេះ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងអំពាវនាវដល់យុវជនជំនាន់ក្រោយដែលនឹងត្រូវបន្តវេនដឹកនាំប្រទេសជាតិ ត្រូវតែចងចាំឲ្យបាននូវរណសិរ្សសាមគ្គីសង្គ្រោះជាតិ ឬមានឈ្មោះបច្ចុប្បន្នថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នោះ។ សម្តេច ហេង សំរិន ក៏បានអំពាវនាវផងដែរ ឲ្យអ្នកដឹកនាំជាតិជំនាន់ថ្មី ត្រូវតែប្រឹងប្រែងរក្សាឲ្យបាននូវមរតកសន្តិភាព ដែលអ្នកជំនាន់មុនបានប្រឹងប្រែងពលីកម្មសព្វបែបរកមកបានដោយលំបាកនេះ។

សម្តេចបន្ថែមថា «ចូរយើងត្រូវចងចាំថា សន្តិភាព គឺជាកត្តាមូលដ្ឋានគ្រឹះ ដើម្បីធានាដល់ដំណើររីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ធានាការអភិវឌ្ឍប្រកបដោយចីរភាព សមធម៌ និងធានានូវជីវភាពរស់នៅដ៏សុខសាន្ត ប្រកបដោយកិត្តិយស របស់ប្រជាជនយើង។ បើយើងបាត់បង់សន្តិភាព នោះយើង នឹងត្រូវបាត់បង់អ្វីៗទាំងអស់។ ម្យ៉ាងទៀត ទម្រាំប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍដែលកើតមានដូចពេលនេះ គឺយើងបានឆ្លងកាត់អស់រាប់សតវត្សនូវរឿងរ៉ាវមហាទុក្ខសោក វេទនាជាទីបំផុត។ ក្នុងន័យនេះ បើទោះបីត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ គឺយើងមិនអាចទុកឱកាសឱ្យក្រុមប្រតិកិរិយា បំផ្លិចបំផ្លាញសមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជន សម្រេចបាននាពេលកន្លងមកបានឡើយ។ ហេតុនេះ ចូរយើងទាំងអស់គ្នាត្រូវរួមគ្នាការពារសន្តិភាពជាតិយើង»

ការអំពាវនាវរបស់សម្តេចពញាចក្រី ហេង សំរិន បានធ្វើឡើងក្នុងពេលសម្តេចអញ្ជើញជាអធិបតីប្រារព្ធមិទ្ទីញមហាជនអបអរសាទរខួប៤០ឆ្នាំ នៃថ្ងៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលប្រារព្ធធ្វើឡើងនៅវិមានអនុស្សាវរីយ៍រណសិរ្ស២ធ្នូ ស្ថិតនៅក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។