ឯកឧត្តមវេង សាខុន បានអនុញ្ញាតឲ្យលោក Hubert Boirard នាយកប្រតិបត្តិតំណាងកសិករ ប្រចាំអាស៊ី ប៉ាស៊ីហ្វីក នៃអង្គការមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម IFAD និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


នៅទីស្តីការក្រសួង នាព្រឹកថ្ងៃសុក្រ ៨រោច ខែកត្តិក ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Hubert Boirard នាយកប្រតិបត្តិតំណាងកសិករ ប្រចាំអាស៊ី ប៉ាស៊ីហ្វីក នៃអង្គការមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម IFAD និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងរចនាសម្ព័ន្ធ តួនាទីរបស់អង្គការកសិករ និងសុំការគាំទ្រ កិច្ចសហការពីក្រសួង សម្រាប់ពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល អង្គការកសិករ និងដៃគូអភិវឌ្ឍន៍នានា សំដៅរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

លោក Hubert បានជម្រាបឯកឧត្តមរដ្ឋមន្រ្តីថាក្នុងឱកាសដែលលោកបានអញ្ជើញចុះទៅពិនិត្យការងារគម្រោងដែលបាននិងកំពុងអនុវត្តនៅតាមបណ្តាខេត្តគោលដៅ ឃើញថាប្រជាកសិករ ឬសមាជិកសហគមន៍ដែលស្ថិតនៅក្នុងកម្មវិធីរបស់គម្រោងមានប្រាក់ចំណូលកើនឡើងគួរឲ្យកត់សម្គាល់ ជីវភាពគ្រួសារមានការរីកចម្រើន និងមានការសហការគ្នាល្អរវាងសមាជិកសហគមន៍។ លោកបានបញ្ជក់បន្ថែមថា ដើម្បីកែលម្អ និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារឲ្យមានការរីកចម្រើនបានមួយកម្រិតទៀត ទាមទារកិច្ចសហការពេញលេញពីគ្រប់តួអង្គពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការ IFAD តែម្តង។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះអង្គការ IFAD និង សហគមន៍អ៉ឺរ៉ុប ដែលបាននិងកំពុងជួយឧបត្ថម្ភ គាំទ្រទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសអភិវឌ្ឍវិស័យកសិកម្មឲ្យមានការរីកចម្រើន ហើយលោកសង្ឃឹម និងជឿជាក់ថាអង្គការអន្តរជាតិនានាដែលជាដៃគូអភិវឌ្ឍ នៅកម្ពុុជា នឹងបន្តគាំទ្រដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឲ្យសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺចង់ប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូន លោក Hubert ថាក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការឲ្យអស់ពីលទ្ធភាពជាមួយអង្គការដើម្បីធ្វើយ៉ាងណាឲ្យ គម្រោងទទួលបានជោគជ័យ។ នាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលរបស់គម្រោងដែលសម្រេចបានក្នុងរយ:ពេលកន្លងមក ហើយដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តគម្រោងទទួលបានលទ្ធផលល្អប្រសើរបានមួយកម្រិតទៀត ឯកឧត្តមរដ្ឋមន្ត្រីបានជូនសារគន្លឹះមួយចំនួនដូចជា ១-គួរសហការជាមួយដៃគូអភិវឌ្ឍដទៃទៀតដើម្បីបង្កើតគម្រោងមួយដែលមានសក្តានុពលគ្របដណ្តប់ទៅលើសេចក្តីតម្រូវការចាំបាច់ក្នុងសហគមន៍កសិកម្ម។ ២-គួរបញ្ចូលបច្ចេកទេសកសិកម្មថ្មីសមស្របដែលកសិករអាចទទួលយកបាន និងរៀបចំផែនការដាំដុះឲ្យបានស្របតាមការប្រែប្រួលអាកាសធាតុ ស្ថានភាព និងគុណភាពដី ប្រភពទឹក ដើម្បីធ្វើការការប្រកួតប្រជែង និងឆ្លើយតបតម្រូវការទីផ្សារ។ ៣-ជួយពង្រឹងសមត្ថភាពក្នុងការផលិត និងការកែច្នៃឲ្យដល់ដៃប្រជាកសិករ និងវិស័យឯកជន ធ្វើយ៉ាងណាឲ្យភាគីទាំងពីរមានឱកាសសហការគ្នាផលិតឲ្យបានសមស្របតាមតម្រូវការ គុណភាព និងស្តង់ដារទីផ្សារ តាមរយ:ការអនុវត្តកសិកម្មតាមកិច្ចសន្យា។