រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីអបអរសាទរការដាក់ល្ខោនខោល ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយនៃមនុស្សជាតិ ដើម្បីចូលរួមអភិរក្សល្ខោនខោលដែលជាកេរ្តិ៍ដំណែលវប្បធម៌ដូនតាខ្មែរ ឱ្យគង់វង្សជាអង្វែងតទៅ។
ពិធីនេះត្រូវបានរៀបចំឡើងក្រោមការដឹកដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារាត្រីថ្ងៃសុក្រ ៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ ជំរុញលើកទឹកចិត្តយុវជនកម្ពុជា ឱ្យបន្តស្វែងយល់ពីវប្បធម៌ជាតិ និងចូលរួមគាំទ្រដល់សិល្បៈបុរាណខ្មែរ ដើម្បីអភិរក្សកេរ្តិ៍ដំណែលដ៏មានតម្លៃនេះបន្តដល់កូនខ្មែរជំនាន់ក្រោយ។
សូមជម្រាបថា ល្ខោនខោល ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាទិវាប្រវត្តិសាស្ត្រមួយទៀតរបស់ជាតិកម្ពុជាទាំងមូល៕