ក្រសួង​អប់រំ យុវជន និង​កីឡា រៀប​ចំ​ពិធី​អបអរ​សាទរ​ការ​ដាក់​​ល្ខោនខោល ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបីយ​នៃ​មនុស្ស​ជាតិ


រាជធានី​ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​ពិធី​អបអរ​សាទរ​ការ​ដាក់​ល្ខោនខោល ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបីយ​នៃ​មនុស្ស​ជាតិ ដើម្បី​ចូលរួម​អភិរក្ស​ល្ខោន​ខោល​ដែល​ជា​កេរ្តិ៍​ដំណែល​​វប្បធម៌​ដូន​តា​ខ្មែរ ឱ្យ​គង់​វង្ស​ជា​អង្វែង​តទៅ​។

ពិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​ការ​ដឹក​ដោយ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​រា​ត្រី​ថ្ងៃ​សុក្រ ៨​រោច ខែ​កត្តិក ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.​២៥៦២ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ ក្នុង​ឱកាស​នោះ ឯក​ឧត្តម​បណ្ឌិត​បាន​មាន​ប្រសាសន៍​ ជំរុញ​លើក​ទឹក​ចិត្ត​យុវជន​កម្ពុជា ឱ្យ​​​បន្ត​ស្វែង​យល់​​ពី​វប្បធម៌​ជាតិ និង​ចូលរួម​គាំ​ទ្រ​ដល់​​សិល្បៈ​បុរាណ​ខ្មែរ ដើម្បី​អភិរក្ស​កេរ្តិ៍​ដំណែល​ដ៏​មាន​តម្លៃ​នេះ​បន្ត​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ។

សូម​ជម្រាប​ថា ​ល្ខោនខោល​​ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបីយ​នៃ​មនុស្ស​ជាតិ​​របស់​អង្គការ​យូណេស្កូ នា​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដែល​ជា​ទិវា​ប្រវត្តិសាស្ត្រ​មួយ​ទៀត​របស់​ជាតិ​កម្ពុជា​ទាំង​មូល៕