ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី បានបន្តដំណើរឆ្ពោះទៅពិនិត្យវឌ្ឍនភាពនៃការសាងសង់រោងចក្រកែច្នៃដំឡូងមីរបស់ក្រុមហ៊ុន Green Leader (Cambodia) Co., Ltd


នៅរសៀលថ្ងៃដដែល បន្ទាប់ពីមីទ្ទីញខួបអនុស្សាវរីយ៍លើកទី៤០ នៃកំណើតរណសិរ្យសាមគ្គី និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានបញ្ចប់រួចមក ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី បានបន្តដំណើរឆ្ពោះទៅពិនិត្យវឌ្ឍនភាពនៃការសាងសង់រោងចក្រកែច្នៃដំឡូងមីរបស់ក្រុមហ៊ុន Green Leader (Cambodia) Co., Ltd ដែលមានទីស្នាក់ការធំនៅទីក្រុងហុងកុង ហើយបានកំពុងសាងសង់លើផ្ទៃដី ជាង ២០ហត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកស្នួល ខេត្តក្រចេះ។

សូមបញ្ជាក់ថា រោងចក្រនេះត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១ ខែមេសាឆ្នាំ ២០១៨ ក្រោមអធិបតីភាពឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ។ បច្ចុប្បន្នការសាងសង់សម្រេចបានប្រមាណជា ៧៥% ហើយគ្រោងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៨។ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Green Leader Holding Group Limited ដែលបានចុះបញ្ជីសាធារណ:ក្នុងក្រុមប្រឹក្សាផ្សារហ៊ុនហុងកុង ដោយបានដាក់ទុនវិនិយោគជាង ២០ ដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់រោងចក្រកែច្នៃដំឡូងមីដែលមានសក្តានុពលកែច្នៃជាម្សៅបានចំនួន ១៣០ ពាន់តោនក្នុងមួយឆ្នាំ និងអាចស្រូបយកវត្ថុធាតុដើមដំឡូងមីចំនួន ៥០០ ពាន់តោន ហើយក្នុងអំឡុងពេល ៥ឆ្នាំខាងមុខ ក្រុមហ៊ុនគម្រោងសាងសង់រោងចក្រឲ្យបាន ២០ ទូទាំងប្រទេស ហើយនេះគឺជាសមិទ្ធផលទី១។

បន្ទាប់ពីបានអញ្ជើញទស្សនាការដ្ឋានរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមហ៊ុន សម្រេចបាន និងលោកបានគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឲ្យខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចបានតាមការគ្រោងទុកក្នុងការបើកឲ្យដំំណើរការនៃការកែច្នៃដំឡូងមីឲ្យបានទាន់ពេលវេលានៃរដូវប្រមូលផលដំឡូងមី។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់បន្ថែមថា នេះគឺជាសមិទ្ធិផលថ្មីមួយទៀតដែលរាជរដ្ឋាភិបាលសម្រេចបានតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្របតាមការអនុវត្តគោលនយោបាយ វិនិយោគវិស័យឯកជនក្នុងការកែច្នៃវត្ថុធាតុដើមទៅជាផលិតផលសម្រេចសម្រាប់ធ្វើការនាំចេញ ហើយនេះគឺជាគោលនយោបាយដ៏ត្រឹមត្រូវមួយដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក ស្វែងរកទីផ្សារដំឡូងមីជូនប្រជាកសិករ ដោយអនុវត្តកសិកម្មតាមកិច្ចសន្យា។