ខេត្តកំពត អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា


(កំពត)៖ នាព្រឹក ថៃ្ងទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ នៅរមណីយដ្ឋានស្រះឈូក មុខស្នងការដ្ឋាននគរបាលខេត្ត គណបក្សខេត្តកំពត បានរៀបចំប្រារព្ធអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ – ២ធ្នូ ២០១៨) ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត។

ពីធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវ លោក-លោកស្រី អភិបាលរងខេត្ត សមាជិក សមាជិកា គណៈកម្មាធិការរណសិរ្សខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត តំណាងសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ព្រះសង្ឃ សិស្ស និស្សិត គរុសិស្ស លោកគ្រូ អ្នកគ្រូ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សរុបប្រមាណ ៣០០០ អង្គ/នាក់ ។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ បានអានសុន្ទរកថា របស់សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណរិស្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ថ្លែងក្នុងឱកាសខួប អនុស្សាវរីយ៍លើកទី៤០នេះ ដោយបានគូសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ថ្ងៃទី២ធ្នូ គឺជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុ នៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា ព្រោះថា មានថ្ងៃ២ធ្នូ ទើបមាន ថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានអ្វីៗដូចថ្ងៃនេះ ដែលរណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះប្រជាជនឲ្យរួចផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះទេ រណសិរ្ស២ធ្នូ នៅបានជួយស្តារ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រនៅទូទាំងប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយនេះ តំណាងសមាជិក សមាជិកានៃអង្គពិធីទាំងមូល ក៏បានប្តេជ្ញានឹងបន្តលើកកម្ពស់ស្មារតីថែរក្សាសាមគ្គីភាពផ្ទៃក្នុង ប្រកាន់ភ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីអនុវត្តឲ្យបាន កាន់តែជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយវិបុលភាព ចីរភាព និងសមធម៌។

សូមបញ្ជាក់ថា រណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ធ្នូ ១៩៧៨ បច្ចុប្បន្នបានដូរឈ្មោះមកជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ត្រូវបានបង្កើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចពញាចក្រី ហេង សំរិន សម្តេចធម្មពោធិសាល ជា ស៊ីម សម្តេចតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើនរូបទៀតជាប្រមុខដឹកនាំ ដើម្បីផ្តួលរំលំរបបឃាតក ប៉ុល ពត សង្រ្គោះ រំដោះមាតុភូមិ និងប្រជាជនកម្ពុជាឲ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ និងបានទទួលជ័យជម្នះទាំងស្រុងនាថ្ងៃទី០៧ ខែមករា ឆ្នាំ ១៩៧៩៕